ថៃ ខាតលុយជាង ៨ ពាន់លានដុល្លារ ក្នុងមួយខែ ដោយសារការពន្យារពេលការចាក់វ៉ាក់សាំងម្ដងហើយម្ដងទៀត
សេដ្ឋកិច្ច February 19, 2021 Khmernote

ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយសារការយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំង ត្រូវបានគេមើលឃើញថា មានចំនួនប្រហែល ២៥០ ពាន់លានបាត (ប្រមាណជាង ៨.៣ ពាន់លានដុល្លារ) ក្នុងមួយខែ ហើយការពន្យារពេលនេះបានធ្វើឲ្យការរីករាលដាលនៃជំងឺរាតត្បាតមានការស្ទុះងើបឡើងវិញលឿន នេះបើយោងតាមសមាជិកសភាប្រឆាំង។ សមាជិកសភាម្នាក់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះស្ថិតនៅក្រោយបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ក្នុងការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីប្រាយុធ ចាន់អូចា ទទួលខុសត្រូវចំពោះការពន្យាពេលនេះ។

ខណៈពេលចូលរួមក្នុងកិច្ចពិភាក្សាដេញដោលប្រឆាំងនឹងរដ្ឋាភិបាលលោកឧត្តមសេនីយ៍ ប្រាយុធ នៅក្នុងសភាកាលពីថ្ងៃពុធ លោក Wiroj បានលើកឡើងថា៖ « នៅពេលរដ្ឋាភិបាលពន្យារពេលការចាប់ផ្តើមការចាក់វ៉ាក់សាំងរបស់ខ្លួនជារៀងរាល់ថ្ងៃ ប្រទេសនេះត្រូវបានខាតបង់ថវិកាចំនួន ៨.៣ ពាន់លានបាត ខណៈការវ៉ាក់សាំងមិនត្រឹមតែជាការការពារវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចកាន់តែលឿនថែមទៀតផង »។

លោកបាបន្តថា ផែនការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះនឹងជះឥទ្ធិពលដល់ការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការបើកព្រំដែនរបស់ខ្លួនឡើងវិញ និងបន្ថយការស្តារឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍ដែលមានចំនួន ១ ភាគ ៥ នៃសេដ្ឋកិច្ចមុនពេលត្រូវបានរាតត្បាតនៅប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ទោះបីប្រទេសថៃនៅពីក្រោយបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី និងឥណ្ឌា ដែលស្ថិតក្នុងស្ថានភាពចាក់វ៉ាក់សាំងក៏ដោយ ក៏គេរំពឹងថានឹងទទួលបាន ៥០% នៃប្រជាជន ៧០ លាននាក់នៅដំណាច់ឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost