ខេត្តសៀមរាប អាចនឹងទទួលបានភ្ញៀវទេសចរឡើងវិញក្នុងរង្វង់ ៨លាននាក់ក្នុងមួយឆ្នាំៗ
ទេសចរណ៍ February 19, 2021 Khmernote

អភិបាលរងខេត្តសៀមរាបរំពឹងថា ខេត្តទេសចរណ៍វប្បធម៌ដ៏ធំមួយនេះអាចនឹងទទួលបានភ្ញៀវទេសចរឡើងវិញក្នុងរង្វង់ ៨លាននាក់ក្នុងមួយឆ្នាំៗ ក្រោយពីការអនុវត្តផែនការមេ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានបញ្ចាប់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែ កុម្ភៈ នាទីស្តីការគណៈរដ្ឋមន្រ្តី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្ត សៀមរាបចាប់ពី ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥ ដើម្បីស្រូបទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តនេះឱ្យ បានកាន់តែច្រើនឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥) ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិឱ្យបានជាអតិបរមា សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវ1ប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។

លោកបានបន្ថែមថា ខេត្តសៀមរាបបានត្រៀមលក្ខណៈដើម្បីឱ្យភ្ញៀវទេសចរងើបឡើងវិញ បន្ទាប់ពីបញ្ចប់ដំណាក់កាលនៃកូវីដ-១៩ ខណៈដែលបច្ចុប្បន្ននេះគឺបានអនុវត្តយន្តការធំមួយ គឺវិធានការសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ ដែលមានគណៈកម្មាធិការចុះទៅតាមទីតាំងទេសចរណ៍ទាំងអស់ ដែលបច្ចុប្បន្នមានចំនួន ៧៤ភាគរយ ហើយក្នុងការអប់រំណែនាំវិធានការសុវត្ថិភាព ហើយចេញជាលិខិតបញ្ជាក់ថា ទីតាំងណាជាទីតាំងដែលល្អក្នុងការធានាសុវត្ថិភាពនៃការចម្លងជំងឺកូវីដ-១៩ ។

បន្ថែមពីនេះទៀត គម្រោងអភិវឌ្ឍផ្លូវថ្នល់៣៨ខែ្សនៅក្នុងក្រុងសៀមរាប ដែលមានប្រវែង ១០៨គីឡូម៉ែត្រ និងសាងសង់លូទឹកកខ្វក់ លូទឹកភ្លៀងចំនួន ៤២ខ្សែ ប្រវែងជាង ៣៣គីឡូម៉ែត្រ ព្រមទំាងការ ស្តាកែលម្អស្ទឹងសៀមរាបនេះ ក៏មានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតហើយក្លាយជាទីក្រុងឆ្លាតវៃ ក្នុងពេលអនាគតដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានកាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក ដោយខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបតែចំនួន ១ ១០៤ ០៣៦នាក់ មានការថយចុះ ៧៤.០៩ភាគរយ បើប្រៀបធៀបឆ្នាំ២០១៩ ក្នុងនោះមានដូចជា ភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ៤០០ ៨៨៩នាក់ មានការថយចុះ ៨១.៨២ភាគរយ និងភ្ញៀវទេសចរជាតិមានចំនួនសរុប ៧០៣ ១៤៧នាក់ មានការថយចុះ ៦៥.៨១ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៩៕

ប្រភព៖ ក្រសួងព័ត៌មាន