ល្អមែនទែន! កម្ពុជា បង្កើនពូជផលិតសរសៃសូត្រដោយខ្លួនឯង ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស
សេដ្ឋកិច្ច February 19, 2021 Khmernote

មជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំលាយបញ្ចូលនូវសមាសធាតុផ្សំដែលមាននៅក្នុងស្រុក ដើម្បីផលិតចំណីសិប្បនិម្មិតសម្រាប់ចិញ្ចឹមដង្កូវនាងដោយសិប្បនិម្មិត ដើម្បីកាត់បន្ថយសរសៃសូត្រនាំចូលពីក្រៅប្រទេស។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសូត្រ និងជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់ និងទទួលសម្ភារពិសោធន៍សម្រាប់មជ្ឈមណ្ឌលសូត្រខ្មែរ និងការផ្តល់អាហារូបករណ៍ដល់និស្សិតជីវសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីធនាគារ CIMB នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ឯកឧត្តម ម៉ី កល្យាណ បានបញ្ជាក់ថា មជ្ឈមណ្ឌលសូត្រខ្មែរដែលបច្ចុប្បន្នស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងបង្កើនការចិញ្ចឹមពូជដង្កូវនាង ដើម្បីចែកដល់កសិករបង្គោលនៅខេត្តគោលដៅដើម្បីធ្វើការចិញ្ចឹមបន្ត ខណៈសរសៃសូត្រសម្រាប់សិប្បកម្មតម្បាញសូត្រខ្មែរក្នុងពេលបច្ចុប្បន្ន ត្រូវបាននាំចូលពីក្រៅប្រទេសប្រមាណ៩៩ភាគរយ។ ជាមួយគ្នានេះ ក៏បានរៀបចំប្រភេទចំណីសិប្បនិម្មិតជំនួសស្លឹកមនជាអាហារ ដើម្បីកាត់បន្ថយកម្លាំងពលកម្មក្នុងការចិញ្ចឹមដង្កូវនៅដំណាក់កាលកូនញាស់ និងជួយជំរុញការលូតលាស់របស់ដង្កូវនាងផងដែរ។

ឯកឧត្តម មានប្រសាសន៍ថា «មកដល់ពេលនេះ យើងបានកសាងគ្រឹះរឹងមាំមួយហើយ ដែលយើងមានមជ្ឈមណ្ឌលសូត្រខ្មែរនេះ ធនធានមនុស្ស បច្ចេកទេស និងសម្ភារទំនើប ដើម្បីបន្តការងារអភិវឌ្ឍន៍បន្ថែមទៀត ហើយគោលបំណងរបស់យើងធំ គឺមិនមែនត្រឹមតែថ្នាក់សាលាឡើយ តែជាគោលដៅថ្នាក់ជាតិ ក្នុងការស្តារវិស័យសូត្រខ្មែរយើងឡើងវិញ ដោយយើងត្រូវការការចូលរួមទាំងអស់គ្នា។ ឥឡូវនេះ គោលដៅចម្បងរបស់យើង គឺបង្កើតគុណភាព និងផលិតភាពខ្ពស់នៃដង្កូវនាង ក្នុងការផលិតសរសៃសូត្រ។ ក្រៅពីការបង្កាត់ពូជដង្កូវនាង ដែលអាចផលិតសរសៃសូត្រវែងជាងមុន យើងក៏កំពុងសិក្សាលើការបង្កើតចំណីសិប្បនិម្មិត ដើម្បីធ្វើឱ្យដង្កូវនាងមានសុខភាពល្អ គ្មានការងាប់ច្រើន និងកាត់បន្ថយកម្លាំងពលកម្ម»។

ឯកឧត្តម បានបន្តថា នៅថ្ងៃអនាគត នឹងមានមជ្ឈមណ្ឌលសូត្រខ្មែរមួយទៀត នឹងត្រូវបង្កើតឡើងនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយស្តារឡើងវិញនូវសិប្បកម្មផ្នែកនេះឱ្យកាន់តែមានផលិតភាពប្រសើរឡើង។ សូមបញ្ជាក់ថា ធនាគារ CIMB បានឧបត្ថម្ភសម្ភារពិសោធន៍ទំនើបចំនួន២គ្រឿងដល់មជ្ឈមណ្ឌលសូត្រខ្មែរ ដើម្បីចូលរួមការលើកកម្ពស់ លើកត្តាបច្ចេកទេសនៃការចិញ្ចឹម និងការថែទាំដង្កូវនាង ដែលជាវត្ថុធាតុដើមចម្បង ក្នុងការបង្កើតសរសៃសូត្រឱ្យបានល្អ តាមតម្រូវការទីផ្សារ និងមានគុណភាពខ្ពស់ សំដៅលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា សិប្បកម្មសូត្រខ្មែរ និងសេដ្ឋកិច្ចជាតិជារួមផងដែរ។

លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារCIMB ជឿជាក់ថា សម្ភារពិសោធន៍ដ៏ទំនើបនេះ នឹងបង្កភាពកាន់តែងាយស្រួលដល់ការស្រាវជ្រាវ និងសម្រេចជោគជ័យលើចំណីសិប្បនិម្មិត និងការបង្កាតពូជថ្មីៗកាន់តែល្អបន្ថែមទៀត ខណៈមជ្ឈមណ្ឌលសូត្រខ្មែរ បានកសាងគ្រឹះយ៉ាងរឹងមាំសម្រាប់វិស័យសូត្រ ក្នុងការស្រាវជ្រាវផលិតផលពូជដង្កូវនាង ដែលមានសុខភាពល្អរហូតដល់ជាង២០ពូជ ដើម្បីទទួលបានទិន្នផលសូត្រខ្ពស់ ក៏ដូចជាស្រាវជ្រាវអភិវឌ្ឍពូជដើមមន ដែលជាចំណីធម្មជាតិ ព្រមទាំងចំណីសិប្បនិមិត្ម សម្រាប់ដង្កូវនាងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន