ឥណ្ឌូនេស៊ីចាប់ផ្តើមផ្តល់ប្រាក់កម្ចីទន់ដល់ទៅ ៦៧០ លានដុល្លារ ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់កោះបាលីរស់ឡើងវិញ
ទេសចរណ៍ February 17, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានឲ្យដឹងកាលម្សិលមិញថា ប្រទេសនេះនឹងផ្តល់ប្រាក់កម្ចីទន់ដែលមានតម្លៃ ៩.៤ ទ្រីលានរូពី (៦៧០ លានដុល្លារ) ដើម្បីពន្លឿនការស្តារវិស័យទេសចរណ៍នៅកោះបាលី ដែលមានប្រជាជន ៨០ ភាគរយរកប្រាក់ចំណូលបាននៅក្នុងវិស័យនេះ។ បើយោងតាមអភិបាលខេត្តកោះបាលីលោក Wayan Koster បាននិយាយថា កញ្ចប់ជំរុញសេដ្ឋកិច្ចត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្ដារសេដ្ឋកិច្ចជាតិ។ អភិបាលខេត្តដដែល បានឲ្យដឹងបន្ថែមថាកញ្ចប់ជំនួយនេះនឹងប្រើក្នុងកម្មវិធីដែលពឹងផ្អែកលើកម្លាំងពលកម្មជាច្រើន សម្រាប់ធ្វើឱ្យវិស័យទេសចរណ៍កោះបាលីចាប់ផ្ដើមរស់រានឡើងវិញ។

គួរ​បញ្ជាក់ផងដែរថា យោងតាមស្ថិតិឥណ្ឌូណេស៊ី ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសនេះចំនួន ៣.៥៦ លាននាក់នៅចុងខែវិច្ឆិកាឆ្នាំ២០២០ ដែលធ្លាក់ចុះចំនួន ៧០.៥៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេប៉ាន់ស្មានថា បានបាត់បង់ ការដោះដូររូបិយប័ណ្ណបរទេសចំនួន ១៤.៥ ទៅ ១៥.៨ ពាន់លានដុល្លារ ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍បរទេស៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus