ផ្លូវដែកនឹងកាន់តែល្អ ហើយងាយស្រួលជាងមុន ខណៈកម្ពុជាបានស្នើឲ្យចិន ជួយជំរុញការវិនិយោគក្នុងការអភិវឌ្ឍផ្លូវដែកបន្ថែម
សេដ្ឋកិច្ច February 17, 2021 Khmernote

ប្រទេសកម្ពុជាបានស្នើឲ្យសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញការវិនិយោគក្នុងការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយការស្នើសុំនេះត្រូវបានធ្វើឡើងដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងពិធីជួបសំណេះសំណាលជាមួយលោក ជាំង វ៉ៃ ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ កាលពីម្សិលមិញ។ ការស្នើសុំជំរុញការវិនិយោគក្នុងការអភិវឌ្ឍផ្លូវដែកនៅកម្ពុជានេះ ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែកក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានជម្រាបជូនលោក ជាំង វ៉ៃ អំពីការរីកចម្រើន និងសក្តានុពលរបស់ខេត្តក្នុងវិស័យផ្សេងៗ ដោយបន្ថែមថា ខេត្តព្រះសីហនុ គឺជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ឯកឧត្តម អភិបាលខេត្តបន្តថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។ ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។

ជាកិច្ច​ឆ្លើយតប លោក ជាំង វ៉ៃ មានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិន និងប្រជាជនចិន នឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។ លោកបានបន្តថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩ រួមទាំងគាំទ្រសំណើរបស់ប្រទេសកម្ពុជាក្នុងការជំរុញការវិនិយោគរបស់ប្រទេសចិនលើផ្លូវដែក៕

អត្ថបទ៖ លីនី