ជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ជួបការលំបាកខ្លាំង ប៉ុន្តែមិនទាន់ប្រកាសក្ស័យធននោះឡើយ
ទេសចរណ៍ February 16, 2021 Khmernote

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ជំងឺកូវីដ-១៩ដ៏កាចសាហាវនេះបានបន្ដអូសបន្លាយពេលប្រមាណ ជាង១ឆ្នាំ បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជាជួបការលំបាកខ្លាំង ប៉ុន្តែមិនទាន់បានប្រកាសក្ស័យធនឬដួលរលំ នោះឡើយ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចអន្ដរាគមន៍ដល់ក្រុមហ៊ុនដែលប្រកបរបរលើវិស័យអាកាសចរណ៍ ប៉ុន្ដែការអន្ដរាគមន៍នេះ នៅមានកម្រិតនៅឡើយ ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាមិនទាន់ឃើញមានក្រុមហ៊ុនអាកាសចរណ៍ណាប្រកាសពីការ ក្ស័យធនរបស់ក្រុមហ៊ុនខ្លួនឡើយ ប៉ុន្ដែក្រុមហ៊ុនកំពុងប្រឈមនឹងការលំបាកជាច្រើន ដោយបានកាត់បន្ថយបុគ្គលិក, កាត់បន្ថយប្រាក់ខែបុគ្គលិកនិងជាប់បំណុលច្រើនជាដើម។

ឯកឧត្តមបានបន្តថា មើលពីស្ថានភាពជាក់ស្ដែងកម្រិតម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះប្រសិនបើ ទំនុកបម្រុងលើវិស័យឯកជនទាំងអស់ កម្ពុជានឹងប្រឈមការខ្វះខាតនិងជួបបញ្ហាជាច្រើន។ ថ្វីត្បិតបែបនេះក៏ពិតមែន ប៉ុន្ដែរាជដ្ឋាភិបាលកម្ពុជាមិនលែងដៃនោះទេ ដោយបានផ្ដល់អន្ដរាគមន៍មួយចំនួន ដែលអាចឱ្យក្រុមហ៊ុនឯកជនទាំងអស់ ទទួលយកបាន។

ឯកឧត្តមមានប្រសាសន៍ថា៖ « យើងដឹងហើយថាក្នុងវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានផ្ដល់កិច្ចអន្តរាគមន៍ចំពោះក្រុមហ៊ុនដែលទទួលរង ផលប៉ះពាល់នៅក្នុងវិស័យអាកាសចរណ៍នេះ ប៉ុន្តែសម្រាប់ការអន្តរាគមន៍នេះគឺនៅមានកម្រិតនៅឡើយ ដោយសារប្រទេស យើងនៅមានកម្រិត ។ ជាទូទៅយើងមិនទាន់ឃើញមានក្រុមហ៊ុនណាប្រកាសក្ស័យធននៅឡើយ ប៉ុន្តែយើងឃើញមានការ លំបាករបស់ក្រុមហ៊ុន ដូចជាកាត់បន្ថយបុគ្គលិក កាត់បន្ថយប្រាក់ខែ មានបំណុលច្រើនជាមួយអ្នកផ្ដល់សេវាគាំទ្រផ្សេងៗ ជាមួយគាត់ ប៉ុន្តែមិនទាន់ក្ស័យធន និងកំពុងមានការលំបាកក្នុងការធ្វើអាជីវកម្ម »។

សូមបញ្ជាក់ថា តាមតួលេខរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល(SSCA) បានឱ្យដឹងថា អ្នកដំណើរតាមអាកាសយានដ្ឋាន អន្តរជាតិចំនួន៣របស់កម្ពុជាក្នុងឆ្នាំ២០២០កន្លងទៅ សរុបមានចំនួន ២លាន១សែននាក់ ធ្លាក់ចុះ៧៩ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរចំនួន ១លាន៣សែននាក់ ធ្លាក់ចុះ៧៦ភាគរយ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចំនួន ៦១៨,៦៦៣នាក់ ធ្លាក់ចុះ ៨៣% និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានអ្នកដំណើរចំនួន ២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣% ។ សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសទាំង៣នេះ ទទួលបានចំនួន៤៩,៩៨៣តោន ធ្លាក់ចុះ ៣១% ៕

ប្រភព៖ ក្រសួងព័ត៌មាន