គិតត្រឹមដំណាច់ខែមករា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤៤គម្រោង ក្នុងទុនវិនិយោគ ២.៧៩ ប៊ីលានដុល្លារ
សេដ្ឋកិច្ច February 15, 2021 Khmernote

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៧៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៦៦គម្រោង បានបោះទីតាំងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ សរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម របស់សហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដែលជានិច្ចកាលបានបន្តជំរុញសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើក ទោះបីមានការរំខានពីការរាតត្បាតនៃជំងឺកូវីឌ-១៩ ក៏ដោយ។ ឯកឧត្តមបន្តថា នេះជាសក្ខីភាពមួយ ដែលអ្នកវិនិយោគជប៉ុនបានបង្ហាញពីការប្តេជ្ញាចិត្តបន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផ្តល់ជំនឿទុកចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានកោតស្ញប់ស្ញែងចំពោះការដឹកនាំដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បញ្ញាញាណដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ទល់នឹងការញាំញីនៃជំងឺរាតត្បាតកូវី ឌ-១៩ ដោយរក្សាបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ ក្រសួងព័ត៌មាន