យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ខេត្ត សាមុត សាខន ដែលជាតំបន់ផ្ទុះវីរុស Covid-19 ជាថ្មីកាលពីខែធ្នូ នោះ នឹងបើកផ្សារលក់គ្រឿងសមុទ្រចំនួន ២២ ឡើងវិញនៅថ្ងៃនេះ ខណៈផ្សារទាំង ២២ ត្រូវបានបិទចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដោយសារការផ្ទុះវីរុស និងឆ្លងរាលដាលស្ទើរពាសពេញប្រទេស។ មន្រ្តីនៅសាមុតសាខុនបានឲ្យដឹងថា ពួកគេចាប់ផ្តើមប្រតិបត្តិការបោសសម្អាតរយៈពេល ៣ថ្ងៃ នៅទូទាំងផ្សារ ទាំង២២ ក្នុងគោលបំណងលើកកម្ពស់ទំនុកចិត្តសាធារណៈ។ លោក Chingchai Bunprakhong អភិបាលខេត្ត សាមុត សាខន បានមានប្រសាសន៍ថា តំបន់ទាំងអស់ត្រូវបានសម្អាតកាលពីចុងសប្ដាហ៍មុន។
លោក Chingchai បានបន្តឲ្យដឹងថា ការសម្រេចចិត្តបើកទីផ្សារឡើងវិញកើតឡើងចំពេលមាននិន្នាការធ្លាក់ចុះនៃអត្រាឆ្លងរោគ និងរាលដាលនៃវីរុស Covid-19 ។ គួរឲ្យដឹងថា បច្ចុប្បន្ននេះមន្រ្តីបានធ្វើតេស្តកម្មករចំនួន ៣,៧៧២ នាក់មកពីផ្សារចំនួន ២២ ហើយ្នុងនោះមានតែ ០.៥៦% ប៉ុណ្ណោះ (២១ នាក់) បានធ្វើតេស្តវិជ្ជមាន៕



អត្ថបទ៖ លីនី
ប្រភព៖ thethaiger


