ដោយសារកូវីដ-១៩ ការខាតបង់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានដល់ទៅ ១.៣ ទ្រីលានដុល្លារក្នុងឆ្នាំ២០២០
ទេសចរណ៍ February 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ការខាតបង់ចំណូលពីវិស័យទេសចរណ៍អន្តរជាតិមានប្រមាណ ១.៣ ទ្រីលានដុល្លារ។ ការខាតបង់នេះត្រូវបានគេឲ្យដឹងថា បណ្ដាលមកពីការថយចុះនៃចំនួនអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយសារតែការហាមឃាត់ការធ្វើដំណើរយ៉ាងតឹងរឹងដែលដាក់ដោយប្រទេសនានា ក្នុងពេលមានរោគរាតត្បាត។ ប្រភពដដែលបានឲ្យដឹងថា ការមកដល់របស់ភ្ញៀវអន្តរជាតិកាលពីឆ្នាំមុនបានធ្លាក់ចុះចំនួន ១ពាន់លាន ឬ ៧៤% ពីឆ្នាំ ២០១៩ ដោយការខូចខាតសរុបមានប្រមាណជាង ១១ ដងបើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ ដោយសារមានវិបត្តិសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។

អង្គភាពដែលមានមូលដ្ឋាននៅទីក្រុង Madrid បានឲ្យដឹងថា ដោយសារតែការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃវីរុសនេះ មនុស្សពី ១០០ ទៅ ១២០ លាននាក់បានប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារនៅក្នុងឧស្សាហកម្មទេសចរណ៍។ ទីភ្នាក់ងារ (UNWTO) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ ទេសចរណ៍ពិភពលោកបានទទួលរងនូវឆ្នាំអាក្រក់បំផុតក្នុងឆ្នាំ ២០២០ ”។

បើតាមការស្ទង់មតិរបស់ក្រុមអ្នកជំនាញ (UNWTO) សម្រាប់ឆ្នាំ ២០២១ បានបង្ហាញផងដែរថា ៤៣% គិតថាឧស្សាហកម្មទេសចរណ៍នឹងស្ទុះងើបឡើងវិញដល់កម្រិតមុនរាតត្បាតនៅឆ្នាំ២០២៣ ដោយ ៤១% និយាយថាវានឹងកើតឡើងនៅឆ្នាំ២០២៤ ឬឆ្នាំក្រោយ។ ទោះយ៉ាងណាក្ដី (UNWTO) បានរំពឹងថាការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នឹងនាំមកនូវការស្តារឡើងវិញនូវទំនុកចិត្តអតិថិជន និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ដែលធ្វើឱ្យការធ្វើដំណើរមានលក្ខណៈធម្មតា ទោះបីជាមានល្បឿនយឺតក៏ដោយក្នុងអំឡុងឆ្នាំ ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews