រដ្ឋាភិបាលវៀតណាមនាថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ប្រទេសវៀតណាមបានសម្លាប់មាន់ជាង ១០០,០០០ ក្បាលនៅឆ្នាំនេះ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយបក្សីនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ លើគេហទំព័រមួយថា ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន ១៤។ ជាមួយគ្នានេះដែរ ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំ គឺមានខ្ពស់ណាស់។ គួររម្លឹកថា ប្រទេស វៀតណាមមានហ្វូងបក្សីប្រហែល ៤៦០ លានក្បាល ហើយការផ្ទុះជំងឺផ្តាសាយបក្សីខ្នាតតូចបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលមិនបានឲ្យដឹងពីទំហំនៃការខាតបង់ឡើយ ខណៈកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសវៀតណាម ប្រកាសថា ខ្លួននឹងនាំចេញសាច់មាន់ក្នុងនោះរួមមាន ស្លាប ភ្លៅ និងទ្រូងមាន់ ទៅកាន់ទីផ្សារក្នុងប្រទេសសិង្ហបុរី និងហុងកុងនាពេលខាងមុខនេះ តាមរយៈក្រុមហ៊ុន Koyu & Unitek Co., Ltd ដែលមានមូលដ្ឋាននៅក្នុងឧទ្យានឧស្សាហកម្ម Long Binh ក្នុងខេត្ត Dong Nai។ ផលិតផលសាច់មាន់រាប់រយតោន ទាំងនោះនឹងត្រូវបានលក់នៅក្នុងទីផ្សារទាំងពីរក្នុងតម្លៃខ្ពស់ជាងផលិតផលក្នុងស្រុកប្រហែល ៣០% ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


