ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងចរចាជាមួយចិន ក្នុងការសម្រួលការធ្វើដំណើរ រវាងប្រទេសទាំង២ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងលើកស្ទួយកំណើនសេដ្ឋកិច្ចឡើងវិញ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការមកដល់របស់វ៉ាក់សាំងការពារកូវីដ-១៩ កាលពី រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចកំពុងតែពិចារណា ដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដែលអាចជួយសម្របសម្រួល ក្នុងការធ្វើដំណើរទៅវិញទៅមក តាមបែបណាមួយនោះ ដែលធ្វើយ៉ាងណា បង្កភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និងអាចជួយដល់បណ្តាធុរកិច្ចក្នុងការធ្វើពាណិជ្ជកម្ម ដោយបញ្ហានេះតម្រូវ ឱ្យមានការពិភាក្សាដោយហ្មត់ចត់។
សម្តេចតេជោបន្តថា គម្រោងនៃកិច្ចចរចាជាមួយរដ្ឋាភិបាលចិន ក្នុងការសម្រួលដល់ការធ្វើដំណើរ រវាងប្រទេសទាំង២ឱ្យកាន់តែទូលាយ ជាពិសេសពិភាក្សាទៅលើ ការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កបន្ទាប់ពីអនុវត្តន៍ នូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីពង្រីកទំហំពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២១នេះ។

សម្ដេចតេជោបានមានប្រសាសន៍ថា៖ « កម្ពុជាក៏ត្រួតត្រាបានទៅលើកូវីដ-១៩ ចិនក៏ត្រួតត្រាបានទៅលើកូវីដ-១៩ កន្លងទៅយើង បានសម្រុះសម្រួលមួយផ្នែកហើយ ខ្ញុំក៏កំពុងតែខិតខំពិចារណា ដើម្បីខិតខំឈានទៅរកការ ព្រមព្រៀងមួយ ដែលយើងអាចសម្របសម្រួលគ្នាក្នុងការទៅមករកគ្នាតាមបែបណាមួយនោះ ។ បញ្ហាត្រូវការឱ្យមានការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ឧទាហរណ៍ ពេលដែលអ្នកវិនិយោគកម្ពុជា ធ្វើដំណើរទៅប្រទេសចិន តើត្រូវបន្តឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃតទៅទៀត ហើយជនជាតិចិន មកកម្ពុជា ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ឬត្រូវកាត់បន្ថយ ចំណុចអស់ទាំងនេះ គឺក្លាយ ជាប្រធានបទដ៏រសើប និងត្រូវតែយកចិត្តទុកដាក់ » ។
សម្តេចតេជោបានបញ្ជាក់ថា បើទោះបីជាមានការសម្របសម្រួលយ៉ាងណាក៏ដោយ ក៏ត្រូវតែមាន វិធានការសុខាភិបាលមួយជាចាំបាច់ ព្រោះរឿងនេះយើងត្រូវធ្វើឱ្យប្រាកដ ថាជំងឺមិនអាចនាំពី កម្ពុជាទៅកាន់ប្រទេសចិន ហើយនឹងមិនត្រូវនាំពីប្រទេសចិនមកកាន់កម្ពុជានោះទេ ។ ជាក់ស្តែងគឺបានធ្វើដំណើរទៅវិញទៅមក ហើយអ្វីដែលកត់សម្គាល់ ប្រជាជនចិនបានធ្វើដំណើរ មកចុះនៅទីក្រុងភ្នំពេញ ហើយចុះនៅខេត្តព្រះសីហនុច្រើនជាងជនជាតិបរទេសដទៃទៀត ប៉ុន្តែមិនទាន់មានជនជាតិណាមួយឆ្លងជំងឺកូវីដ-១៩ លើកលែងតែករណីខែមករា ២០២០ ដែលកើតមួយករណីនៅខេត្តព្រះសីហនុ បន្ទាប់ទៅជនជាតិចិនមួយករណីទៀត តែមិនមែនមកពី ប្រទេសចិននោះទេ គឺមកពីប្រទេសហ្វីលីពីន ហើយតាមការប៉ាន់ស្មានរបស់សម្តេច អ្នកដែលធ្វើដំណើរមកកម្ពុជាមិនមានការឆ្លង គឺប្រហែលបានចាក់វ៉ាក់សាំងរួចរាល់ហើយ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ៤៧៤ នាក់ អ្នកជាសះស្បើយសរុបចំនួន ៤៥៦ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១៨នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕

ប្រភព៖ ក្រសួងព័ត៌មាន


