យោងតាមការចេញផ្សាយរបស់ព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបមួយចំនួន បានបង្ហាញនូវចិត្តសប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនឹងបានល្អប្រសើរ នៅពេលទទួលបានដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ នឹងមកដល់នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី គឹមសួរ និងអ្នកស្រី សុខចាន់ បានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប ភាគច្រើន ដែលពឹងផ្អែកវិស័យទេសចរណ៍ បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុង និងមួយចំនួនទៀត បានផ្លាស់ប្ដូរទៅប្រកបរបរកសិកម្ម។ ពេញមួយឆ្នាំ២០២០កន្លងមកនេះ អ្នកស្រីទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តនេះដទៃទៀតដែរ បានប្រឈមទៅនឹងការលំបាក ខិតខំធ្វើយ៉ាងណា ស្វែងរកប្រាក់ចំណូលខណៈភ្ញៀវទេសចរណ៍អន្តរជាតិ បានបាត់បង់ទាំងស្រុង។
អ្នកស្រីទាំងពីរ ពិតជាមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ នៅពេលទទួលដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ បានមកដល់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយសង្គ្រោះជិវីតប្រជាពលរដ្ឋកម្ពុជា ពីជំងឺដ៏កាចសាហាវនេះ។ ដោយឡែក លោក សាមឿន ជាប្រជាការពារ រស់នៅក្នុងក្រុងសៀមរាបមួយរូបទៀត លើកឡើងថា ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បានកាត់បន្ថយនូវក្ដីបារម្ភក្នុងការរស់នៅប្រចាំថ្ងៃ និងជាក្ដីសង្ឃឹមសម្រាប់ឆ្នាំ២០២១នេះ ។ លោកក៏បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែ គិតគូរខ្ពស់ពីប្រជាពលរដ្ឋខ្មែរ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ជូនថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេម៉ោងប្រមាណ០៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ទន្ទឹមនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដោយផ្ទាល់ ទៅទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ៕




ប្រភព៖ ក្រសួងព័ត៌មាន


