ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀត គ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តកោះកុង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង » នាទីស្តីការគណ:រដ្ឋមន្រ្តី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលាន យន្ដហោះថ្មីមួយនឹងត្រៀមលេចចេញជារូបរាងក្នុងពេលខាងមុខ ក្រោយគម្រោងវិនិយោគ នៅខេត្តកោះកុងទទួល បានការយល់ព្រមពីរាជ រដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នក វិនិយោគសាងសង់ព្រលាន យន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោកបានបន្តថា គម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការ សាងសង់ ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង គឺនៅលើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែក្រោយមកក៏បានសម្រេចប្តូរទីតាំងទៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមាវិញដោយទីតាំងចាស់មានផលប៉ះពាល់ច្រើនពេក ។

លោកបានមានប្រសាសន៍ថា៖ « យើងមានគម្រោងព្រលានយន្តហោះថ្មីមួយទៀត គឺស្ថិតនៅក្នុងចន្លោះរវាងទួលគគីរនិងឃុំតាតៃនៅក្នុងស្រុកមណ្ឌលសីមា ហើយនឹងស្រុកកោះកុងដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែរវេ និងក្រុមហ៊ុនក្នុងស្រុកហើយរាជរដ្ឋាភិបាលបានផ្ដល់ផ្ទៃដីប្រហែលជា ៥០០ហិកតា សម្រាប់ការវិនិយោគទៅលើព្រលានយន្តហោះនេះ ហើយឥឡូវនេះខាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានកំពុងសិក្សារៀបចំទីតាំងតែម្ដង »។
លោកបានបន្ថែមថា គម្រោងនៃការវិនិយោគព្រលានហោះនេះ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលនឹងចំណាយទឹកប្រាក់ប្រមាណជា ៤០ លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណ៥០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ សូមបញ្ជាក់ថា ក្រៅពីគម្រោង សាងសង់ព្រលានយន្ដហោះថ្មីមួយនេះ ក៏មានព្រលានយន្ត ហោះខ្នាតអន្តរជាតិមួយទៀត ស្ថិតនៅទិសនិរតីនៃប្រទេស ក្នុងខេត្តកោះកុង ដែលបច្ចុប្បន្ននេះសាងសង់ជិតរួចរាល់ហើយ ៗ គ្រោងនឹងសាកល្បងហោះហើរ នៅចុងឆ្នាំ២០២១នេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន


