ថៃ ចាយលុយរាប់រយលានបាត សាងសង់ឧទ្យានបៃតងដ៏ធំមួយកណ្ដាលក្រុងបាងកក ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយនេះ
ទេសចរណ៍ February 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ប្រទេសថៃកំពុងសាងសង់ឧទ្យានបៃតងដ៏ធំមួយទៀតនៅក្នុងទីក្រុងបាងកក។ ឧទ្យានបៃតងដ៏ធំមួយនេះមានឈ្មោះថា Suan Pa Benjakitti ដែលមានឈ្មោះជាភាសាអង់គ្លេសថា Benjakitti Forest Park ដែលកំពុងសាងសង់ឡើងនៅកណ្ដាលទីក្រុងបាងកក លើផ្ទៃដី ២៥៩ រ៉ៃ ក្នុងតំបន់ Klong Toei ដែលជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនថ្នាំជក់ផ្ដាច់មុខថៃ។ បើតាមប្រភពដដែល បានបន្តឲ្យដឹងថា តំណាក់កាលទី ២ និងទី ៣ នៃគំរោងដែលចំណាយថវិកាអស់ ៦៥២លានបាត (ប្រមាណជាង ២១ លានដុល្លារ) នឹងប្រែក្លាយដីវាលទទេរទៅជាតំបន់ដ៏អស្ចារ្យសម្រាប់អ្នករស់នៅទីក្រុង និងភ្ញៀវទេសចរនៅចំកណ្តាលរាជធានី។

ក្នុងគម្រោងឧទ្យានបៃតងដ៏ធំមួយនេះ មានផ្លូវសម្រាប់ដេីរ​លេីដី​ ស្ពានសម្រាប់ដេីរ​ប្រវែង ១.៥ គីឡូម៉ែត្រ ត្រពាំង​ ប្រលាយ​ ស្រះ​ មជ្ឈមណ្ឌលកីឡាក្នុង​និងក្រៅ និង​ រួមជាមួយផ្លូវសម្រាប់ជិះកង់​ ដែលតភ្ជាប់នឹងឧទ្យានដ៏ធំមួយទៀតប្រចាំក្រុងបាងកកឈ្មោះ Lumphini។ ជាមួយគ្នានេះ គម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ ដែលនឹងក្លាយជាសួនបៃតងសម្រាប់ទីក្រុង និងលើកកម្ពស់កេរ្តិ៍ឈ្មោះទីក្រុងបាងកកបន្ថែមទៀត ថាជារដ្ឋធានីទេសចរណ៍ដ៏សំខាន់មួយរបស់ពិភពលោក។

គួរឲ្យដឹងថា ទីក្រុងបាងកក ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏ធំមួយ និងមានអ្នកមកទស្សនាច្រើនជាងគេនៅលើពិភពលោក មុនពេលមានជំងឺរាតត្បាត និងជាទីក្រុងល្អបំផុតមួយត្រូវបានគេរិះគន់ជាញឹកញាប់ ចំពោះកង្វះទីធ្លាបៃតង ជាពិសេសនៅពេលប្រៀបធៀបទៅនឹងទីក្រុងដែលមានទំហំប្រហាក់ប្រហែលគ្នានៅបរទេស៕​

អត្ថបទ៖ លីនី
ប្រភព៖ thaivisa