ក្នុងឆ្នាំ២០២០ សហគ្រាសជាង ១,៣០០ បានបិទលែងដំណើរការ ហើយកម្មករនិយោជិតបាត់បង់ការងារមានជិត ១១ម៉ឺននាក់
សេដ្ឋកិច្ច February 4, 2021 Khmernote

យោងតាមការបញ្ជាក់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បាន​ឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ទីតាំង បានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨ ៨២៥នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា តាមការវាយតម្លៃ ផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។

ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ស្មើនឹងកម្មករនិយោជិតចំនួន ១៥៣ ៣៣៦នាក់ បានកំពុងព្យួរកិច្ចសន្យាការងារ ប៉ុន្តែគិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមតែ ១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន ២៣ ៦៨២នាក់ ប៉ុណ្ណោះ ដែលកំពុងព្យួរកិច្ចសន្យាការងារ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលដូចគ្នានេះ រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១ ២៥៧នាក់ ផងដែរ៕

អត្ថបទ៖ លីនី