ប្រទេសមួយនេះសំណាងណាស់ ខណៈ ABD បានសម្រេចផ្ដល់ប្រាក់ ២៥លានដុល្លារ ជួយក្នុងទិញវ៉ាក់សាំងកូវីដ-១៩
សេដ្ឋកិច្ច February 3, 2021 Khmernote

កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានប្រកាសថា ខ្លួនបានត្រៀម​ថវិកាចំនួន ២៥លានដុល្លារអាមេរិក ដើម្បីជួយរដ្ឋាភិបាលហ្វីលីពីនក្នុងការទិញវ៉ាក់សាំងវីរុស Covid-19។ ធនាគារ អភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បានឲ្យដឹងថា ការផ្តល់ហិរញ្ញប្បទាននេះនឹងបានមកពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីដោះស្រាយនិងកំណត់ដែននៃវីរុស Covid-19 ដែលធនាគារបានអនុម័តកាលពីខែសីហា។ ជាមួយគ្នានេះដែរ ថវិកាដែលត្រូវបានបម្រុងទុកសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង នឹងអនុវត្តតាមតម្រូវការទទួលបានវ៉ាក់សាំង និងការទទួលបានសិទ្ធិ នៅក្រោមមជ្ឈមណ្ឌលទទួលការចាក់ថ្នាំបង្ការអាស៊ីប៉ាស៊ីហ្វិករបស់ (APVAX) ដែលបានបង្កើតឡើងកាលពីខែធ្នូឆ្នាំមុន ដោយមានហិរញ្ញប្បទានចំនួន ៩ ពាន់លានដុល្លារ។

ធនាគារក៏បានបន្ថែមផងដែរថា ការផ្តល់ហិរញ្ញប្បទាននេះ ក៏នឹងអនុវត្តតាមការអនុវត្តន៍ល្អបំផុតលើពិភពលោក ស្តីពីវិធានការណ៍ការពាររួមទាំងការគ្រប់គ្រងការខ្ជះខ្ជាយនៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ។ គួរបញ្ជាក់ផងដែរ បច្ចុប្បន្នប្រទេសហ្វីលីពីន បានបង្កើតផែនទីបង្ហាញពីគម្រោងវ៉ាក់សាំង Covid-19 ដើម្បីចាក់ដល់ប្រជាជនហ្វីលីពីន ពី ៦០ ទៅ ៧៥% ។ លើសពីនេះ ហ្វីលីពីនក៏កំពុងចរចា ដើម្បីទទួលបានវ៉ាក់សាំងជាមួយអ្នកអភិវឌ្ឍន៍វ៉ាក់សាំងជាច្រើនផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus