រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណង ២៨ លានដុល្លារ សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា
សេដ្ឋកិច្ច February 1, 2021 Khmernote

កម្ពុជា និងអូស្ត្រាលី បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥,៧ លានដុល្លារអូស្រ្តាលី (ស្មើនឹងប្រមាណ ២៨ លានដុល្លារអាមេរិក ) សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាព ពិភពលោក នៅកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរួមស្តីពីការគាំទ្ររបស់អូស្ត្រាលីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរួមដែលធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេះ អាចនឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជាប្រមាណ ១,៥ លាន នាក់។

ការរួមចំណែកនេះ នឹងជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័សនូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជា ឱ្យបាន ៨០% នៃចំនួនប្រជាជនសរុប។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផ្តល់ជូនប្រជាជនកម្ពុជា និង មួយចំនួនតូចនឹងត្រូវប្រើប្រាស់សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបែងចែក និង គ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និង ដើម្បីធានាថា ប្រជាជនកម្ពុជាអាចទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការនៃការចាក់វ៉ាក់សាំង បង្ការនេះ។

ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជិតខាង និង ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រកម្ពុជាក្នុងគ្រាលំបាកនេះ។ អូស្ត្រាលីទទួលស្គាល់ថា គ្មាននរណាម្នាក់មានសុវត្តិភាពទេ ប្រសិនបើគ្រប់គ្នាមិនទាន់មាន សុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រាលីនឹងការជួយដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនកម្ពុជាបានយ៉ាងហោចណាស់ចំនួន ១,៥ លាននាក់ និងការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោកនៅកម្ពុជា៕​

ប្រភព៖ ក្រសួងព័ត៌មាន