ធនាគារមីយ៉ាន់ម៉ាទាំងអស់​នៅទូទាំងប្រទេស ត្រូវបានបិទភ្លាមៗ ដោយសារស្ថានភាពក្នុងប្រទេសជ្រួលច្របល់
សេដ្ឋកិច្ច February 1, 2021 Khmernote

ធនាគារមីយ៉ាន់ម៉ានៅទូទាំងប្រទេសត្រូវបានបិទ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានរដ្ឋប្រហារយោធា ការប្រកាសអំពីស្ថានភាពអាសន្ន និងការឃុំខ្លួនមេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី។ យោងតាមសេចក្ដីជូនដំណឹងរបស់សមាគមធនាគារបានឱ្យដឹងថា សមាជិកធនាគារទាំងអស់របស់សមាគមធនាគារមីយ៉ាន់ម៉ា ត្រូវបិទធនាគាររបស់ខ្លួនដោយចាប់ផ្តើមជាឯកច្ឆន្ទចាប់ពីថ្ងៃទី០១ ខែកុម្ភះ នៅឆ្នាំ២០២១ នេះ។ សេចក្ដីជូនដំណឹងដដែលបានឲ្យដឹងថា​ ធនាគារនានានឹងស្នើសុំការអនុញ្ញាតពីធនាគារកណ្តាលមីយ៉ាន់ម៉ាសម្រាប់ការបិទជាបណ្តោះអាសន្ន ហើយជូនដំណឹងដល់ពួកគេនៅពេលពួកគេគ្រោងនឹងចាប់ផ្តើមសេវាកម្មឡើងវិញ។

ជាមួយគ្នានេះ ការបញ្ជាឲ្យបិទធនាគារនេះ ស្របពេលទៅនឹងធនាគារពាណិជ្ជ សៀម-មីយ៉ាន់ម៉ា (Siam Commercial Bank Myanmar) បានសម្ពោធជាផ្លូវការ ដែលជាធនាគារថៃតែមួយគត់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយកម្មសិទ្ធិទាំងស្រុងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួរឲ្យដឹងថា មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតត្រូវបានឃុំខ្លួន នៅក្នុងការវាយឆ្មក់មួយនៅពេលព្រឹកព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost