វីរុសរាតត្បាតកូវីដ-១៩ មិនត្រឹមតែសម្លាប់ជិវិតមនុស្សប៉ុណ្ណោះទេ តែក៏វាយប្រហារសេដ្ឋកិច្ច វិស័យទេសចរណ៍ និងសម្លាប់ការងារជាច្រើននៅលើពិភពលោក។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺបានរុញច្រានឲ្យមនុស្សជាច្រើននៅលើពិភពលោកធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ប្រជាជនថៃក៏រងការវាយប្រហារយ៉ាងចាស់ដៃដែរពីវីរុសរាតត្បាត ដែលផ្ទុះឡើងម្ដងហើយ ម្ដងទៀត រហូតបង្ខំឲ្យរដ្ឋាភិបាលត្រូវសម្រេចរឹតបន្តឹងទាំងតំបន់ និងប្រទេសឡើងវិញ។ ហើយនៅពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា សហជីពអ្នកបើកតាក់ស៊ីថៃ និងអ្នកបើកបររថយន្តថៃ បានប្រគល់សំណើជាផ្លូវការទៅគណៈកម្មាធិការការងាររដ្ឋាភិបាល ដើម្បីដាក់សំណើទៅរដ្ឋាភិបាលស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ។
ប្រភពដដែលបានឲ្យដឹងថា ស្ទើរតែគ្រប់វិស័យទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះ បានទទួលរងនូវផលប៉ះពាល់ពីការបិទទ្វារ និងការបិទព្រំដែន។ មួយវិញទៀតអ្នកស្ថិតនៅក្នុងវិស័យនេះត្រូវខកខានទទួលបានចំណូល ដែលបានមកពីភ្ញៀវទេសចរ ៤០ លាននាក់ ឬ រាប់លាននាក់ដែលបានត្រឡប់មកកម្សាន្តក្នុងប្រទេសនៅឆ្នាំ២០២០ និងឆ្នាំនេះ ដូចកាលពី ២០១៩។ ដោយសារតែកង្វះអតិថិជន ដែលបណ្ដាល មកពីការរាតត្បាតរបស់វីរុស Covid-19 គ្រប់ផ្នែកទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះបានទទួលរងគ្រោះ ក្នុងនោះរួមមាន៖ អ្នករត់កាក់ស៊ី រថភ្លើង ឡានក្រុង ម៉ូតូឌុប ម៉ូតូកង់បី និងសូម្បីតែអ្នករត់ទូកកម្សាន្តនៅតាមមាត់ទន្លេក៏បាត់ចំណូលអស់ដែរ។

ជាក់ស្ដែងអ្នករត់កាក់ស៊ី ដែលតស៊ូដើម្បីបង់រំលស់យានយន្តក្នុងស្រុករបស់ពួកគេ បានស្នើសុំឱ្យគណៈកម្មាធិការពិភាក្សាអំពីការផ្អាកបំណុល ដើម្បីបន្ធូរបន្ថយបន្ទុក រហូតចាំដល់វិស័យទេសចរណ៍ចាប់ផ្តើមឡើងវិញ ឬ យ៉ាងហោចណាស់រហូតដល់ស្ថានភាពប្រសើរឡើង។ ទន្ទឹមនឹងនេះ បុគ្គលិកផ្នែកបើកបរក៏បានស្នើសុំការគាំទ្រចំនួន ៣៥០០បាត យ៉ាងតិចក្នុងរយៈពេល ៥ ខែដែរ។

គួរបញ្ជាក់ផងដែរថា អ្នកបើកបរនៅជុំវិញនៅទីក្រុងបាងកកបានរាយការណ៍អំពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍អ្នកដំណើរ និងទីក្រុង គឺមានសភាពស្ងប់ស្ងាត់ជាងមុនសម័យ Covid និងកន្លែងទេសចរណ៍សំខាន់ៗ ការធ្លាក់ចុះនៃអ្នកដំណើរបានកើនឡើងដល់ ៩០% នេះបើយោងតាមអ្នកបើកបរមួយចំនួន។ ជាមួយគ្នានេះនៅភូកេត និងឈៀងម៉ៃ រថយន្តដឹកអ្នកទេសចរដ៏ល្បីប្រចាំតំបន់ដូចជា ឡាន (songtaews) រ៉ឺម៉កកង់បីពណ៌ក្រហម (‘red’ tuk tuks ) ត្រូវបានអ្នកទេសចរចោទប្រកាន់ពីបទជំរិតទារប្រាក់ ដែលជាកត្តាធ្វើឲ្យបាត់ភ្ញៀវទេសចរថែមទៀតក្នុងវិបត្តិកូវីដ៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger


