យោងតាមប្រធានសមាគមទេសចរណ៍ភូមា (UMTA) លោក Naung Naung Han បានឱ្យដឹងថា បុគ្គលិកប្រហែល ៧០% នៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានបញ្ឈប់ការងារដោយសារជំងឺរាតត្បាត Covid-19 ។ លោក Han បានមានប្រសាសន៍ថា « ជំងឺរាតត្បាត បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលបណ្តាលឱ្យប្រាក់ចំណូលធ្លាក់ចុះ »។ បុគ្គលិកប្រហែល ៥៦០,០០០ នាក់ក្នុងចំណោមបុគ្គលិកជាង ៨០០,០០០ នាក់នៅក្នុងអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍បានបាត់បង់ការងារធ្វើ ខណៈពេលដែលមានការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមការព្យាករណ៍របស់អង្គការក្នុងស្រុក និងអន្តរជាតិរបស់មីយ៉ាន់ម៉ា។
ប្រទេសមីយ៉ាន់ម៉ា បានផ្អាកការចូលសម្រាប់ភ្ញៀវទេសចរទាំងអស់ និងបានផ្អាកប្រតិបត្តិការហោះហើរអន្តរជាតិដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាតនេះ តាមរយៈការធ្វើដំណើរតាមផ្លូវអាកាសចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ឆ្នាំមុនបន្ទាប់ពីរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ២ ករណីជាលើកដំបូងនៅក្នុងប្រទេសនេះ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍បានបន្តហោះហើរក្នុងស្រុកស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារ និងគោលការណ៍ណែនាំស្តីពីសុខភាព និងសុវត្ថិភាពដែលចេញដោយក្រសួងសុខាភិបាលដើម្បីបន្ធូរបន្ថយការរឹតត្បិតសម្រាប់ការស្តារឡើងវិញចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


