ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ នាំចំណូលថវិការាប់លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តម បានជំរុញការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមានដល់ពលរដ្ឋ និងទេសចរបរទេសក៏ដូចចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាននិងធនធានធម្មជាតិដល់សាធារណជនផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២០ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់សហគមន៍ចំនួន ២២ ក្នុងតំបន់ការពារធម្មជាតិ ១២ កន្លែងស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានប៉ាន់ស្មានថាបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥.២១ លានដុល្លារដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦,៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩,១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧,៣៨៥នាក់)។
បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានាក្នុងតំបន់អភិរក្ស និងការពារដោយក្រសួងបរិស្ថាននៅឆ្នាំ ២០២០ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ ២០១៨ និង ២០១៩ ។ នៅឆ្នាំ ២០១៨ មានភ្ញៀវទេសចរសរុប ចំនួន ៣៤៣,៨៥២នាក់ ហើយទទួលចំណូលបាន ១៦.១៦ លានដុល្លារហើយនៅឆ្នាំ ២០១៩ កន្លងទៅ បានទទួលភ្ញៀវទេសចរចំនួន ៤០២,២៩៣នាក់ ទទួលបានចំណូលប្រមាណ ១៨.៩០ លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិគឺជាយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ល្បិចកលការ ញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះ ដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើន សេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋានចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាព អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរដូចជា៖ សហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្តពោធិ៍សាត់ ជីផាតនៅខេត្តកោះកុងជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន


