ទេសចរណ៍ពិភពលោក រងការខាតបង់ខ្លាំងបំផុតមិនធ្លាប់មានក្នុងឆ្នាំ ២០២០
ទេសចរណ៍ January 30, 2021 Chan Sreyny

យោងតាមអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ទេសចរណ៍ពិភពលោកបានទទួលនូវកំណត់ត្រាអាក្រក់បំផុតក្នុងឆ្នាំ ២០២០ ដោយសារតែការធ្លាក់ចុះនូវតម្រូវការដែលមិនធ្លាប់មាន និងការរឹតត្បិតការធ្វើដំណើរដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 ។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយថា « ការមកដល់របស់អន្តរជាតិបានធ្លាក់ចុះប្រមាណ ១ ពាន់លាននាក់នៅឆ្នាំ ២០២០ បើធៀបនឹងឆ្នាំមុនដែលជាលទ្ធផលធ្វើឱ្យមានការខាតបង់នូវចំណូលពីការនាំចេញប្រមាណ ១.៣ ទ្រីលានដុល្លារ »។

របាយការណ៍បានបន្ថែមថា តួលេខនេះគឺច្រើនជាង ១១ ដងនៃការបាត់បង់ដែលបានកត់ទុកក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៩ ។ តាមតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំងរហូតដល់ ៨៤% ។ ទ្វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ាបានធ្លាក់ចុះ ៧៥% ។ នៅអឺរ៉ុបឃើញថា មានការធ្លាក់ចុះ ៧០% ហើយអាមេរិកធ្លាក់ចុះ ៦៩% ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិនេះបានធ្វើឱ្យការងារដែលទាក់ទងនឹងវិស័យទេសចរណ៍ពី ១០០ ទៅ ១២០ លានស្ថិតក្នុងហានិភ័យដែលភាគច្រើននៃសហគ្រាសទាំងនោះគឺសហគ្រាសធុនតូច និងមធ្យម។

ជាមួយគ្នានេះ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានព្យាករណ៍ថា អាចចំណាយពេល ២ ឆ្នាំកន្លះទៅ ៤ ឆ្នាំសម្រាប់ទេសចរណ៍អន្តរជាតិដើម្បីត្រឡប់ទៅកម្រិតដូចឆ្នាំ ២០១៩ ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk