ខេត្តកំពត នឹងកាន់តែល្បី ហើយក្លាយជាតំបន់ទេសចរណ៍កាន់តែទាក់ទាញ ក្រោយគម្រោងអភិវឌ្ឍនានាត្រូវបានបញ្ចប់រួចរាល់
ទេសចរណ៍ January 29, 2021 Khmernote

ខេត្តកំពតនឹងក្លាយជាតំបន់ទេសចរណ៍មួយដែលកាន់តែមានប្រជាប្រិយភាព បន្ទាប់ពីគម្រោងអភិវឌ្ឍនានា ត្រូវបានបញ្ចប់រួចរាល់ ហើយបច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងបន្តដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីអភិវឌ្ឍខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការទាក់ទាញវិនិយោគិនក៏ដូចជាភ្ញៀវទេសចរ។ ថ្លែងក្នុងសន្និសីទសារព៌ត័មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ឹង ឆាយ អភិបាលរង ខេត្តកំពត បានថ្លែងឱ្យដឹងថា ខណៈដែលរាជរដ្ឋាភិបាលកំពុងស្ថាបនាផ្លូវជាតិលេខ៣យ៉ាងស្រស់ស្អាតនោះ រដ្ឋបាលខេត្ត បាននិងកំពុងគិតគូរ គម្រោងសាងសង់ស្ពានមួយបន្ថែមទៀតនៅលើព្រែកកំពង់បាយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន គឺមានការកកស្ទះចរាចរណ៍ខ្លាំងនៅពេលមានពិធីបុណ្យទានឈប់សម្រាកម្តងៗ ខណៈស្ពាន មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ ជាមួយគ្នានេះលោកបានបន្តថា ក្នុងការអនុវត្តផែនការកែលម្អលូទឹកកខ្វក់ ក៏បានជួបនូវបញ្ហាប្រឈមខ្លះ ប៉ុន្តែរដ្ឋបាលខេត្តបានធ្វើការ ដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យ ហើយគម្រោងដែលកំពុងអនុវត្តមិនមានបញ្ហាអ្វីនោះទេ ។ លោកបន្តថា នេះជាការគិតគូរទុកជាមុន ក្នុងផែនការអភិវឌ្ឍប្លង់មេរបស់ខេត្ត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគិតគូរ អំពីបញ្ហាបរិស្ថាននេះជាធំ ។ លោកក៏បានអះអាងផងដែរថា ការអភិវឌ្ឍគម្រោងនានាទំាងអស់នេះរួចហើយ នោះនឹងអាច ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពតបានកាន់តែច្រើនឡើងថែមទៀត ដោយមានផ្លូវ ស្ពានធ្វើដំណើរ ងាយស្រួល ហើយមានបរិស្ថានស្រស់ស្អាត។

គួរជម្រាបថា ខេត្តកំពត គឺជាខេត្តមួយ ដែលមានព្រំប្រទល់ខាងជើងទល់នឹងខេត្តកំពង់ស្ពឺ ខាងត្បូងទល់នឹង ខេត្តកែប និងសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងលិចទល់នឹងខេត្តព្រះសីហនុនិងឆ្នេរសមុទ្រ និងខាងកើតទល់នឹងខេត្តតាកែវ។ ខេត្តកំពត មានចម្ងាយ ១៤៨គ.ម ពីរាជធានីភ្នំពេញ ដោយតភ្ជាប់ ផ្លូវជាតិលេខ៣ លេខ៣១ លេខ៣៣ លេខ៤១ និងមានផ្លូវរថភ្លើងឆ្លងកាត់ទៅខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តមួយដែលមានអំណោយផលពីធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ឯវិស័យសក្តានុពលរបស់ខេត្តមាន អំបិល រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិកម្ម នេសាទសមុទ្រ ទេសចរណ៍ និងមានឆ្នេរសមុទ្រប្រវែងសរុបជាង ៦៦គីឡូម៉ែត្រ ៕

ប្រភព៖ ក្រសួងព័ត៌មាន