ចក្រភពអង់គ្លេស សម្រេចចិត្តបិទផ្លូវអាកាសអន្តរជាតិដែលមមាញឹកបំផុតនៅលើពិភពលោក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
សេដ្ឋកិច្ច January 29, 2021 Chan Sreyny

ចក្រភពអង់គ្លេស កំពុងហាមឃាត់ការហោះហើរអ្នកដំណើរដែលទៅ និងមកពីអារ៉ាប់រួមនៅថ្ងៃសុក្រ ទី ២៩ ខែមករានេះ ដោយបិទផ្លូវអាកាសចរណ៍អន្តរជាតិដែលមមាញឹកបំផុតលើពិភពលោកពីឌូបៃទៅទីក្រុងឡុង។ អាជ្ញាធរអង់គ្លេសបាននិយាយថា « ខ្លួនកំពុងបន្ថែមប្រទេសអារ៉ាប់រួម Burundi និង Rwanda ទៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង »។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេសលោក Grant Shapps បាននិយាយនៅលើបណ្តាញសង្គម Twitter ថា « នេះមានន័យថា មនុស្សដែលនៅក្នុង ឬឆ្លងកាត់ប្រទេសទាំងនេះនឹងត្រូវបានបដិសេធមិនឱ្យចូល លើកលែងតែជនជាតិអង់គ្លេស អៀរឡង់ និងពលរដ្ឋនៃប្រទេសទីបីដែលមានសិទ្ធិលំនៅដ្ឋាន ដោយតម្រូវឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ »។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates និង Etihad បាននិយាយនៅលើគេហទំព័ររបស់ពួកគេថា « ពួកគេនឹងផ្អាករាល់ជើងហោះហើរអ្នកដំណើររបស់ចក្រភពអង់គ្លេសចាប់ពីម៉ោង ១ រសៀលនៅថ្ងៃសុក្រ នៅពេលការហាមឃាត់នេះចូលជាធរមាន »។

នាយកដ្ឋានដឹកជញ្ជូនចក្រភពអង់គ្លេស បានណែនាំដល់ជនជាតិអង់គ្លេសដែលបច្ចុប្បន្នស្នាក់នៅក្នុងប្រទេសអារ៉ាប់រួមឱ្យប្រើផ្លូវអាកាសពាណិជ្ជកម្មដោយប្រយោលប្រសិន បើពួកគេចង់វិលត្រឡប់ទៅអង់គ្លេសវិញ។

ជាមួយគ្នានេះ យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យអាកាសចរណ៍ OAG បានឱ្យដឹងថា « ផ្លូវហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងឡុងគឺជាផ្លូវអន្តរជាតិដ៏មមាញឹកបំផុតនៅលើពិភពលោកក្នុងខែមករា។ ជាធម្មតា Emirates និង Etihad ដឹកអ្នកដំណើរយ៉ាងច្រើនពីចក្រភពអង់គ្លេសទៅកាន់ទិសដៅនានាដូចជា អូស្រ្តាលីតាមរយៈមណ្ឌលអាកាសយានដ្ឋានរបស់ពួកគេមានន័យថា ការសម្រេចលុបចោលជើងហោះហើរទាំងនោះនឹងមានផលប៉ះពាល់យ៉ាងខ្លាំង៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia