ជប៉ុន អនុម័តថវិកាចំនួន ១៨៥ ពាន់លានដុល្លារបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
សេដ្ឋកិច្ច January 29, 2021 Chan Sreyny

សភាប្រទេសជប៉ុន បានអនុម័តនូវថវិកាបន្ថែមទី៣ សម្រាប់ឆ្នាំ ២០២០ ដែលមានទឹកប្រាក់សរុបចំនួន ១៩.១៨ ទ្រីលានយ៉េន (១៨៥ ពាន់លានដុល្លារ) ដើម្បីបង្កើនវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺរាតត្បាត Covid-19 ទោះបីជាមានការរិះគន់រដ្ឋាភិបាលអំពីរបៀបដែលប្រាក់នឹងត្រូវបានប្រើប្រាស់ក៏ដោយ។ ប្រទេសជប៉ុន បានប្រឈមនឹងការផ្ទុះឡើងនៃរលកទី៣ នៃជំងឺ Covid-19 ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដែលបានបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី Yoshihide Suga ប្រកាសអាសន្នជាលើកទី២ នៅក្នុងទីក្រុងតូក្យូ និងខេត្តចំនួន ១០ ផ្សេងទៀតកាលពីដើមខែមករា។

គណៈរដ្ឋមន្រ្តីជប៉ុន កាលពីខែមុនបានអនុម័តថវិកាបន្ថែមចំនួន ៤.៣៦ ទ្រីលានយ៉េនសម្រាប់វិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ភោជនីយដ្ឋាន និងរង្គសាលដែលកាត់បន្ថយម៉ោងធ្វើការតាមការស្នើសុំរបស់រដ្ឋាភិបាលខេត្ត និងជួយស្ថាប័នវេជ្ជសាស្ត្រដើម្បីធានាបានគ្រែបន្ថែមសម្រាប់អ្នកជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា កាលពីឆ្នាំមុនសភាជប៉ុនបានអនុម័តថវិកាបន្ថែមចំនួនពីរសម្រាប់ឆ្នាំ ២០២០ ដែលមានទឹកប្រាក់សរុប ៥៧.៦ ទ្រីលានយ៉េនដើម្បីផ្តល់ហិរញ្ញប្បទានដល់ជំហានជំរុញសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងជំងឺរាតត្បាត។ ក្នុងចំណោមវិធានការណ៍កន្លងមក មានការប្រគល់ប្រាក់ចំនួន ១០០,០០០ យ៉េនដល់ប្រជាជនជប៉ុនទាំងអស់ចំនួន ១២៦ លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews