ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពល (អាគុយ) ក្នុងខេត្តសៀមរាបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
សេដ្ឋកិច្ច January 28, 2021 Chan Sreyny

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីថ្ងៃពុធ ទី ២៧ ខែមករា ឆ្នាំ ២០២១ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣២ គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧ គីឡូវ៉ាត់ម៉ោងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែនក្នុងខេត្តសៀមរាប។ ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា ក្នុងពិធីសម្ពោធនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍មួយចំនួនទៀត។

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា សមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិដូចនេះការប្រើប្រាស់ថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីយដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀតដែលមិនមានបណ្ដាញអគ្គិសនីជាតិ។

លោកស្រី (Ms.) Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកថា ស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះ គឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជាដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុកជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ប្រភេទកម្រ និងប្រភេទជិតផុតពូជសំដៅធានាដល់និរន្តរភាពនៃធនធានជីវចម្រុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន