វិស័យទេសចរណ៍របស់ប្រទេសថៃ កំណត់គោលដៅទាក់ទាញផលិតកម្មខ្សែភាពយន្តបរទេស ដើម្បីទទួលបានប្រាក់ចំណូលក្នុងកំឡុងពេលមានវិបត្តិកូវីដ
ទេសចរណ៍ January 27, 2021 Khmernote

មន្ត្រីទេសចរណ៍ថៃមានគំនិតថ្មី ដើម្បីទាក់ទាញភ្ញៀវនោះ គឺផលិតកម្មខ្សែភាពយន្ត ខណៈក្រសួងទេសចរណ៍និងកីឡា មានគោលបំណងរកប្រាក់ឲ្យបានប្រមាណ ៣ ពាន់លានបាត ពីក្រុមអ្នកផលិតខ្សែភាពយន្តបរទេស ហើយកំពុងផ្តោតគោលដៅ លើគម្រោងនានាដែលមានទឹកប្រាក់វិនិយោគជាង ១០០ លានបាត ដោយសង្ឃឹមថានឹងអាចទូទាត់សងសម្រាប់ការបាត់បង់ចំណូលដោយសារកង្វះភ្ញៀវទេសចរអន្តរជាតិក្នុងពេលមានជំងឺរាតត្បាត។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The thaiger ប្រាក់ចំណូលពីទេសចរណ៍បរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺជិត ៨៣% ក្នុងឆ្នាំ២០២០ ហើយចំនួនភ្ញៀវទេសចរក៏ដូចគ្នាគឺពីចំនួនជិត ៤០ លាននាក់នៅឆ្នាំ២០១៩ មកត្រឹមតែ ៦.៧ លាននាក់ក្នុងឆ្នាំ២០២០ ។

អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍លោក Anant Wongbenjarat មានប្រសាសន៍ថា ប្រទេសថៃបានស្វាគមន៍ផលិតកម្មខ្សែភាពយន្តអន្តរជាតិចំនួន ១៧៦ នៅប្រទេសនេះកាលពីឆ្នាំមុន ដោយរកចំណូលបាន ១.៧៣ ពាន់លានបាតសម្រាប់សេដ្ឋកិច្ចក្នុងស្រុក។ ប៉ុន្តែចំនួននេះ គឺជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលក្រុមផលិតខ្សែភាពយន្តបរទេសមានរហូតដល់ ៧៤០ ហើយរកចំណូលបាន ៤.៨៦ ពាន់លានបាត។

គួរឲ្យដឹងថា កាលពីខែសីហា CCSA បានសំរេចចិត្តផ្តល់ការអនុញ្ញាតឱ្យចូលពិសេសដល់ផលិតកម្មភាពយន្ត ហើយគម្រោងផលិតខ្សែភាពយន្តចំនួន ៥៣ មានមូលដ្ឋាននៅប្រទេសថៃក្នុងអំឡុងខែសីហា និងធ្នូ ដែលបានចូលរួមវិភាគទានចំនួន ១,១៤ ពាន់លានបាតដល់សេដ្ឋកិច្ច។ ខណៈអ្នកដែលចូលទៅប្រទេសថៃ នៅតែត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ។ លើសពីនេះ ផលិតកម្មអន្តរជាតិអាចដំណើរការ និងបង្កើតប្រាក់ចំណូលដល់ប្រជាជនក្នុងស្រុក ទោះបីជាវិស័យទេសចរណ៍ធ្លាក់ចុះក៏ដោយ ។

ទន្ទឹមនឹងនេះ អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍ក៏បានឲ្យដឹងផងដែរថា មានគម្រោងផលិតខ្សែភាពយន្តចំនួន ៤ ទៀតកំពុងដំណើរការនៅក្នុងប្រទេសថៃ ហើយគេរំពឹងថានឹងរកចំណូលបាន ១៨៦ លានបាត ។ ហើយនៅឆមាសទីមួយនៃឆ្នាំនេះនឹងមានផលិតកម្មចំនួន ៩ ទៀត ដែលរំពឹងថានឹងចូលមក ហើយនឹងជួយបង្កើតការងារយ៉ាងហោចណាស់ ៨០០កន្លែង សម្រាប់ប្រជាជនក្នុងស្រុក៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger