តំបន់ចំនួនពីរ នៅខេត្តកំពត ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ
ទេសចរណ៍ January 27, 2021 Khmernote

យោងតាមអនុក្រឹត្យចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានប្រកាសចុះបញ្ជីតំបន់ចំនួន ២ បន្ថែមទៀតនៅក្នុងខេត្តកំពតក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិ។ ដោយមានផ្ទៃដីសរុប ៨៣.៤៤ ហិកតានៅស្រុកដងទង់ និងស្រុកបន្ទាយមាស តំបន់បេតិកភណ្ឌធម្មជាតិដែលត្រូវបានចុះបញ្ជីថ្មីនោះ គឺភ្នំទទុង និងភ្នំតូច។ អនុក្រឹត្យបានគូសបញ្ជាក់ថា ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ គឺដើម្បីធានាដល់ការការពារបរិស្ថានការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

(រូបតំណាង)

ប្រភពដដែលបានបន្ថែមទៀតថា ទីតាំងបេតិកភណ្ឌធម្មជាតិថ្មីនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្ត និងកម្លាំងប្រដាប់អាវុធ។ សូមជម្រាបថា ក្រៅពីអនុក្រឹត្យប្រកាសចុះបញ្ជីភ្នំទទុង និងភ្នំតូច ជាបេតិកភណ្ឌធម្មជាតិ ក៏មានអនុក្រឹត្យមួយផ្សេងទៀតស្ដីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង (រូងភ្នំហ្លួង) ដែលមានផ្ទៃដីទំហំ ២៥ ហិកតា នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន