ជប៉ុនចាយលុយជាង ៩៦លានដុល្លារ ទិញម៉ាស៊ីនបង្កកចំនួន ២០,០០០ គ្រឿង ដើម្បីធានាបាននូវការផ្ទុកវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព
សេដ្ឋកិច្ច January 27, 2021 Khmernote

យោងតាមមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតម៉ាស៊ីនបង្កកចំនួន ៤ ក្នុងតម្លៃប្រមាណជាង ១០ពាន់លានយ៉េន (៩៦.៤ លានដុល្លារ)។ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតទាំងនោះ គឺក្នុងគោលបំណងទិញម៉ាស៊ីនបង្កកយ៉ាងច្រើន ដើម្បីផ្ទុកវ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យ ខណៈប្រទេសនេះត្រៀមរៀបចំសម្រាប់ការទទួលបាន និងចាក់វ៉ាក់សាំងដល់ប្រជាជន។ ប្រភពដដែលបានបន្តឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងធានានូវម៉ាស៊ីនបង្កកប្រមាណ ២០,០០០ គ្រឿង ដើម្បីចែកចាយនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស សម្រាប់ផ្ទុកវ៉ាក់សាំង ដោយការចាក់វ៉ាក់សាំងរំពឹងថានឹងចាប់ផ្តើមនៅក្នុងប្រទេសនៅចុងខែកុម្ភៈ។

ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនផលិតចំនួន ៤ គឺក្រុមហ៊ុន PHC Holdings Corp ក្រុមហ៊ុន Nihon Freezer Co និងក្រុមហ៊ុន EBAC ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងក្រុមហ៊ុន Kanou Reiki នៅតំបន់ Sagamihara នៃខេត្ត Kanagawa បង្កើនសមត្ថភាពផលិតកម្មរបស់ពួកគេ។ យោងតាមមន្រ្តីបានឲ្យដឹងថា ម៉ាស៊ីនបង្កកសរុបចំនួន ១០,០០០ គ្រឿងដែលផលិតដោយក្រុមហ៊ុនផលិតចំនួន ៤ នឹងត្រូវបានប្រើដើម្បីរក្សាទុកវ៉ាក់សាំង Pfizer ដែលអាចត្រូវបានអនុម័តសម្រាប់ការចាក់ថ្នាំបង្ការនៅប្រទេសជប៉ុននៅពាក់កណ្តាលខែកុម្ភៈ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានគ្រោងទុក។ ជាមួយគ្នានេះពួកគេបាននិយាយថា ម៉ាស៊ីនបង្កកចំនួន ១០,០០០ ផ្សេងទៀតមកពីក្រុមហ៊ុនតូក្យូចំនួន ៣ ត្រូវបានគេរំពឹងថានឹងរក្សាទុកវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna។

គួរឲ្យដឹងផងថា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនយក្សអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE ត្រូវរក្សាទុកក្នុងកម្រិត ៧៥ អង្សាសេ ឬ ទាបជាងនេះ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិកឈ្មោះថា Moderna Inc អាចដឹកចេញ និងរក្សាទុកក្នុងរយៈពេល ៦ខែ ប្រសិនបើរក្សាទុកក្នុងម៉ាស៊ីនបង្កកនៅសីតុណ្ហភាព ដក ២០ (-២០) អង្សាសេ។ ហើយវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ AstraZeneca របស់អង់គ្លេស និងសាកលវិទ្យាល័យ Oxford អាចផ្ទុកនៅក្នុងទូទឹកកកធម្មតាបាន។

ទន្ទឹមនឹងនេះដែរ ដោយមានប្រជាជនប្រមាណ ១២៦ លាននាក់ ជប៉ុនគ្រោងនឹងទទួលបាននូវវ៉ាក់សាំងចំនួន ៣១០ លានដូសពីក្រុមហ៊ុន Pfizer Inc, Moderna Inc និង AstraZeneca Plc ដែលគ្រប់គ្រាន់សម្រាប់ប្រជាជន ១៥៧ លាននាក់។ ខណៈរដ្ឋាភិបាលគ្រោងនឹងចែកចាយម៉ាស៊ីនបង្កកចំនួន ១,៥០០ គ្រឿងសម្រាប់វ៉ាក់សាំង Pfizer ដល់កន្លែងចាក់វ៉ាក់សាំងដែលបានកំណត់នៅចុងខែកុម្ភៈ និង ៣,៣០០ គ្រឿងនៅចុងខែមីនា និងនៅសល់នៅចុងខែមិថុនា៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews