រដ្ឋាភិបាលថៃ បន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនដែលមានប្រាក់ចំណូលទាបចំនួន ៣០ លាននាក់ ដោយក្នុងម្នាក់ទទួលបានជាង ២០០ដុល្លារ
សេដ្ឋកិច្ច January 27, 2021 Chan Sreyny

គណៈរដ្ឋមន្រ្តីថៃកាលពីពេលថ្មីៗនេះ បានអនុម័តការផ្តល់ជំនួយសង្គ្រោះ Covid-19 ជុំថ្មីសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប។ កញ្ចប់ជម្រុញថ្មីនេះ នឹងផ្តល់ជាឥណទានចំនួន ៧,០០០ បាត (ជាង ២០០ ដុល្លារ) សម្រាប់មនុស្សម្នាក់ក្នុងការទិញទំនិញ ហើយនឹងផ្ដល់ជូនដល់មនុស្សប្រមាណ ៣០ លាននាក់។ ប្រជាជនដែលមានសិទ្ធិទទួលបាននូវគម្រោងថ្មីនេះ គឺអ្នកដែលកាន់ប័ណ្ណសុខុមាលភាពរបស់រដ្ឋ អ្នកទទួលនៃគម្រោងបង់ថ្លៃការទិញទំនិញ និងការធ្វើដំណើរ និងក្រុមផ្សេងទៀត។ រដ្ឋាភិបាលថៃ នឹងផ្ទេរប្រាក់តាមអេឡិចត្រូនិកទៅឱ្យអ្នកទាំងនោះ ប៉ុន្តែវាមិនអាចដកជាសាច់ប្រាក់បានទេ។

អ្នកកាន់ប័ណ្ណសុខុមាលភាព នឹងទទួលបានប្រាក់ដោយស្វ័យប្រវត្តិនៅថ្ងៃទី ៥ ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ល័ក្ខខ័ណ្ឌសំខាន់ៗនៃសិទ្ធិទទួលបាន គឺប្រជាជនដែលមានប្រាក់ចំណូលជាប់ពន្ធមិនលើសពី ៣០០,០០០ បាតក្នុងឆ្នាំ ២០១៩ និងប្រាក់បញ្ញើធនាគារសរុបមិនលើសពី ៥០០,០០០ បាតគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំមុន។ អ្នកទទួលបានការឧបត្ថម្ភនេះ អាចប្រើការទូទាត់តាមអេឡិចត្រូនិកដើម្បីទូទាត់ថ្លៃទំនិញប៉ុន្តែសម្រាប់ភេសជ្ជៈមានជាតិអាល់កុល ឬបារីមិនអាចទូទាត់បានទេ។

ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុថៃបានប៉ាន់ស្មានថា កញ្ចប់ថវិកានេះនឹងជួយដល់ប្រជាជនដែលមានការងារធ្វើដោយខ្លួនឯងចំនួន ៣០.១ លាននាក់។ ដ្ឋាភិបាលថៃ ក៏កំពុងពិចារណាលើវិធានការណ៍ផ្តល់ជំនួយសម្រាប់មន្រ្តីថ្នាក់ទាបផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand