ប្រជាជនក្រីក្រ ដែលទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកើនឡើងក្នុងបរិបទកូវីដ-១៩
សេដ្ឋកិច្ច January 27, 2021 Chan Sreyny

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រក្នុងបរិបទកូវីដ-១៩ ដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ខណៈពេលដែលប្រជាពលរដ្ឋដែលត្រូវទទួលបានប្រាក់នេះនៅតែបន្តកើនឡើង។ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកផែនការបានមានប្រសាសន៍ថា « បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានប័ណ្ណសមធម៌រួមបញ្ចូលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូលដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ »។

ឯកឧត្ដមបន្តថា « នៅពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួនគ្រួសារកើនជាង ២០ ម៉ឺនគ្រួសារបន្ថែមទៀតដែលទទួលបានថវិកាពីរាជរដ្ឋាភិបាល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខការរស់នៅប្រជាជនកម្ពុជាយើង។ ដូច្នេះហើយក្នុងអំឡុងពេលដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាទៅអគ្គលេខាធិការដ្ឋានគាំពារសង្គមដើម្បីជួយទៅដល់ប្រជាជនក្រីក្ររបស់យើងដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ-១៩ នេះ »។

ឯកឧត្ដមបន្ថែមថា « ការគិតគូរខ្លាំងសម្រាប់អ្នកប៉ះពាល់ខ្លាំងផ្តោតខ្លាំងចំពោះប្រជាជន និងគ្រួសារក្រីក្ររបស់យើងនេះហើយដែលរងផលប៉ះពាល់ខ្លាំងជាងគេទី១ ដំណើរការសេដ្ឋកិច្ចនានាគឺវារងផលប៉ះពាល់កាត់បន្ថយល្បឿនកត្តាទាំងអស់នោះហើយធ្វើឱ្យផលប៉ះពាល់ទៅដល់ប្រជាជនក្រីក្រ និងអ្នកធ្វើការនៅក្នុងវិស័យឧស្សាហកម្ម »។

អ្នកស្រី សុខ ម៉ៅ ប្រជាពលរដ្ឋមកពីខេត្តព្រៃវែងបានឱ្យដឹងថា ការទទួលបានប័ណ្ណសមធម៌នេះ គឺបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃតាមរយៈការទទួលបានប្រាក់ឧបតម្ថភ្ភពីរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា មុនដំណាក់កាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាមានគ្រួសារក្រីក្រត្រឹមតែជាង ៥០ ម៉ឺនគ្រួសារនោះទេនៅពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួនគ្រួសារកើនឡើងជាង ២០ ម៉ឺនគ្រួសារបន្ថែមទៀត។ មកដល់បច្ចុប្បន្ន ចំនួនគ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារបើគិតចំនួនប្រជាជនប្រហែល ២លាន ៨សែននាក់ ដែលបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន