ទីក្រុងដាណាង ទាញយកអ្នកវិនិយោគពីតំបន់ពាណិជ្ជកម្មដ៏ល្បីរបស់អាមេរិក Silicon Valley មកបោះទុនលើគម្រោង​តម្លៃជាង ១០០ លានដុល្លារ
សេដ្ឋកិច្ច January 26, 2021 Khmernote

តំបន់ឧស្សាហកម្ម និងអាជ្ញាធរឧទ្យានបច្ចេកវិទ្យាខ្ពស់ (DHPIZA) នៅភាគកណ្ដាលនៃទីក្រុងដាណាង បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងអេឡិចត្រូនិកដែលមានតម្លៃ ១១០ លានដុល្លារមកពីសហគ្រាសសហរដ្ឋអាមេរិក។ ប្រធាន (DHPIZA) លោក Pham Truong Son បានឲ្យដឹងថា គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Hayward Quartz Technology Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេ ក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧបករណ៍ដើមសំខាន់ៗទាំងអស់នៅក្នុងផ្នែកអាជីវកម្មអេឡិចត្រូត និងជាអ្នកចែកចាយរ៉ែថ្មខៀវ និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទាំងអស់នៃក្រុមហ៊ុនផលិតពីតំបន់ Silicon Valley នៅសហរដ្ឋអាមេរិក។

លោក Pham Truong Son បានឲ្យដឹងបន្ថែមថា គម្រោងនេះ គឺជាការវិនិយោគផ្ទាល់ធំជាងគេទី២ ពីសហរដ្ឋអាមេរិក បន្ទាប់ពីគម្រោង Da Nang Sunshine Aerospace ក្រោមសាជីវកម្ម Universal Alloy របស់សហរដ្ឋអាមេរិក ដែលត្រូវបាន សាងសង់ដោយចំណាយទឹកប្រាក់វិនិយោគចំនួន ១៧០ លានដុល្លារអាមេរិក។ គម្រោងនេះមានទំហំ ១០.២២ ហិកតា ដែលនឹងចាប់ផ្តើមសាងសង់នៅដំណាក់កាលទី១ ក្នុងត្រីមាសទី២ ឆ្នាំ ២០២១ ដើម្បីចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៣ ។ នៅពេលដាក់ឲ្យដំណើរការ រោងចក្រនេះនឹងផ្តោតលើឯកទេសខាងគ្រឿងម៉ាស៊ីន និងរ៉ែថ្មខៀវសម្រាប់ផលិតការ៉ូ ឬ ម៉ាប ,សេរ៉ាមិច,ស៊ីលីខន និងវត្ថុធាតុផ្សេងទៀត។

ជាមួយគ្នានេះ បើយោងតាមគេហទំព័រ DHPIZA មានគម្រោងមួយផ្សេងទៀត នោះគឺរោងចក្រ Telala Da Nang ក្រោមឧស្សាហកម្ម Inoue Ribbon របស់ប្រទេសជប៉ុនដែលមានទំហំទឹកប្រាក់សាងសង់សរុបចំនួន ៦.៦ លានដុល្លារនៅក្នុងឧស្សាហកម្មគាំទ្រសម្រាប់ក្រុមហ៊ុនកាត់ដេរ និងវាយនភ័ណ្ឌ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន (DHPIZA) បានទាក់ទាញគម្រោងក្នុងស្រុកចំនួន ៣៦៤ គម្រោងដែលមានតម្លៃ ២៦ ពាន់ពាន់លានដុង (១.១ ពាន់លានដុល្លារ) និងគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ១២៩ គម្រោងដែលមានតម្លៃ ១.៧ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus