បន្តិចទៀតលែងពិបាកជិះយូរម៉ោងហើយ ខណៈព្រលានយន្តហោះបែកចាន ខេត្តបាត់ដំបង ចាប់ផ្តើមកំណត់ទីតាំងដើម្បីជួសជុលឡើងវិញ
សេដ្ឋកិច្ច January 26, 2021 Khmernote

យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ព្រលានយន្តហោះបែកចានខេត្តបាត់ដំបង ចាប់ផ្តើមកំណត់ទីតាំង ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅដល់ការជួសជុលឡើងវិញនាពេលខាងមុខនេះ ឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដនៅខេត្ដបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបងបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលាន យន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ ទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង។

លោកបានបន្តថា ប្រសិនបើប្រជាពលរដ្ឋទៅដាំដុះ ឬ ធ្វើស្រែទៅដល់ដីកន្លែងព្រលាននោះ នៅពេលដែលចេញប្លង់កម្មសិទ្ធិ គឺរដ្ឋមិនចេញប្លង់ឱ្យទេ ហើយប្រជាពលរដ្ឋក៏បានទទួលស្គាល់ និងផ្តិតមេដៃអនុវត្តតាមកិច្ចសន្យានេះហើយដែរ។ លោកអភិបាលរងបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ធ្វើស្រែ ធ្វើចំការនៅក្នុងដីព្រលានយន្តហោះស្ទើរតែទំាងស្រុង ហើយពួកគាត់នៅតែមានបំណងទាមទារឱ្យរដ្ឋដោះស្រាយគោលនយោបាយ ខណៈដែលដោយពួកគាត់បានដឹងហើយថា ទីតំាងនេះជាដីរបស់រដ្ឋ ជាទ្រព្យសម្បត្តិសាធារណៈ ដូច្នេះ រដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ ។

លោកបានបន្ថែមថា អ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យជួយសិក្សាបន្ថែម គឺតាំងពីសម័យសង្គមរាស្រ្តនិ យមមក គឺពាក់ព័ន្ធនឹងលូរំដោះទឹកភ្លៀងដែលចេញពីក្រុងកាត់តាមព្រលាន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សំណូមពរឱ្យសិក្សាដើម្បីបង្វែរចេញពីទីនោះ ។

គួររំលឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូត មកដល់បច្ចុប្បន្ន ៕

ប្រភព៖ ក្រសួងព័ត៌មាន