កម្ពុជា និងកូរ៉េដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ
សេដ្ឋកិច្ច January 26, 2021 Chan Sreyny

ធនាគារជាតិនៃកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថា កយកា (KOIKA) បានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធរីធែលផេ‍ (Retail Pay) ដើម្បីជាប្រយោជន៍ឱ្យប្រជាពលរដ្ឋធ្វើការទូទាត់សាច់ប្រាក់ដោយមិនបាច់ប្រើរូបិយប័ណ្ណ ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធនេះ នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សេវាកម្មនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើការផ្ញើសាច់ប្រាក់ បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ដោយមិនបាច់បារម្ភពីហានិភ័យនៃការបាត់បង់សាច់ប្រាក់ ឬចោរលួចនោះឡើយ។

លោកជំទាវបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបាន និងកំពុងធ្វើការលើការអភិវឌ្ឍន៍ប្រព័ន្ធរីធែលផេ‍ ដែលជាអាទិភាពមួយដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។

ប្រព័ន្ធរីធែលផេ‍ ត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាក្រោមការផ្តល់ជំនួយឥតសំណងពីទីភ្នាក់ងារ KOIKA ចំនួន ៨ លានដុល្លារសម្រាប់លើគម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិក្នុងប្រទេសកម្ពុជារួមមាន៖ ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ ប្រព័ន្ធទូទាត់ចល័ត និងប្រព័ន្ធទូទាត់តាមរយៈ QR កូដ។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា « ការទូទាត់តាមប្រព័ន្ធអេឡេចត្រូនិច គឺផ្តល់ភាពងាយស្រួលទាំងរូបវ័ន្តបុគ្គលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងផ្តល់ព័ត៌មានពីចរាចរសាច់ប្រាក់នៅកម្ពុជាដល់ធនាគារកណ្តាល និងធនាគារឯកជនផងដែរ »។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារឯកជននៅកម្ពុជាមានប្រសាសន៍ថា « ការជំរុញឱ្យប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក គឺចំណេញទាំងពេលវេលា និងជំរុញដល់ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ដោយសារប្រព័ន្ធទូទាត់នេះ កាត់បន្ថយបាននូវការបោះពុម្ពរូបិយប័ណ្ណជាតិ »។

លោក រោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារ KOIKA ប្រចាំនៅកម្ពុជាមាន ប្រសាសន៍ថា « ប្រព័ន្ធទូទាត់ថ្មីនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុមួយដែលដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងជាឧបករណ៍ទូទាត់ដោយរហ័សសម្រាប់ការទូទាត់ពាណិជ្ជកម្ម »។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា មកដល់ពេលនេះ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារឯកជនដែលចូលជាសមាជិកនៃប្រព័ន្ធរីធែលផេ‍នេះមានចំនួន ២២ ធនាគារហើយ ខណៈធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានធនាគារមួយដែលមានឈ្មោះថា «បាគង» ដើម្បីផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការផ្ទេរប្រាក់ និងទទួលសាច់ប្រាក់៕

ប្រភព៖ ក្រសួងព័ត៌មាន