JICA ផ្តល់ជំនួយឥតសំណងជាង ៣០ លានដុល្លារដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងខេត្ដបាត់ដំបង
សេដ្ឋកិច្ច January 26, 2021 Chan Sreyny

ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទី​ភា្ន​ក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៣០​ លាន​ដុល្លារដើម្បី​សាងសង់​វិទ្យាស្ថានគរុកោសល្យនៅ​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបងក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់ JICA ប្រចាំ​កម្ពុជាកាលពី​ថ្ងៃទី ​២៥ ខែមករា ឆ្នាំ​ ២០២១​ ​។ បើតាម JICA បាន​គូសបញ្ជាក់ថា ពិធី​ប្រគល់​អគារ​ថ្មី​ប្រារព្ធ​ធ្វើឡើង​ពីរ​ផ្សេងគ្នា ដោយ​មួយ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២១​ ។ ដោយឡែក វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបងនៅ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២១​ ដែលមាន​សមាសភាព​ចូលរួម​ពី​តំណាង​ក្រសួងអប់រំ យុវជន និង​កីឡា ការិយាល័យ JICA ប្រចាំ​កម្ពុជា ទីប្រឹក្សា​គម្រោង​ក្រុមហ៊ុន​សាងសង់ និង​តំណាង​វិទ្យាស្ថាន​គរុកោសល្យ ទាំងពីរផងដែរ​។

ចំពោះ​ការរៀបចំ​ពិធី​នេះ​ឡើង​ គឺ​ដើម្បី​បញ្ជាក់​ពី​ការប្រគល់​អគារ​ថ្មី​ជា​ផ្លូវ​ការជូន​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡាក្រោយពី​ការសាងសង់​បានបញ្ចប់​ជា​ស្ថាពរ ហើយ​បន្ទាប់​កម្មវិធី​រួចអគារ​ថ្មី​ទាំងនោះអាច​ប្រើប្រាស់​បាន​តាម​ការគួរ​។ ​ជាមួយគ្នានេះ JICA សម្ដែង​នូវ​សេចក្តីត្រេកអរ និង​តែងតែ​ចង់ឃើញ​អគារ​ទាំងនោះជា​អគារ​ថ្មី​មានគុណ​ភាពល្អ ដែលជា​ការសង​សង់​ក្រោម​គម្រោង​ជំនួយឥតសំណង​ក្នុង​ទំហំទឹកប្រាក់ ៣,១៧០​ លាន​យ៉េន (​ស្មើនឹង​ប្រមាណ ​៣០ ​លាន​ដុល្លា​អាម៉េរិក​)​។​

​តាមរយៈ​គម្រោង​នេះ JICA មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា មូលដ្ឋាន​ដែលជា​តម្រូវការចាំបាច់​សម្រាប់វិទ្យាស្ថាន​គរុកោសល្យ​ទាំងពីរ ត្រូវបាន​កែលម្អ​ដើម្បី​អាច​ប្រែក្លាយ​ខ្លួន​ទៅជា​គ្រឹះស្ថាន​ផ្តល់​ការអប់រំ​កម្រិត​បរិញ្ញាបត្រ​រយៈពេល ​៤ ​ឆ្នាំបន្ទាប់ពី​បាន​ពង្រីក​អគារ​ដែលមាន​ស្រាប់​របស់​មជ្ឈមណ្ឌល​គ​រុ​កោសល្យ និង​សាលា​គរុកោសល្យ​។ ដូចនេះ​ជា​លទ្ធផល គម្រោង​នេះនឹង​អាច​ចូលរួមចំណែក​លើកកម្ពស់​គុណភាព ការអប់រំ​នៅ​បឋម និងមធ្យមសិក្សា​បឋមភូមិ​តាមរយៈ​ការលើកកម្ពស់​គុណភាព​គ្រូបង្រៀន​៕

ប្រភព៖ ក្រសួងព័ត៌មាន