អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃច័ន្ទ (២៥ មករា) ថា ជំងឺរាតត្បាតឆ្លងរាលដាលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការងារសកលកាលពីឆ្នាំមុន ដោយការងារចំនួន ២៥៥លានការងារត្រូវបានបាត់បង់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ នៅក្នុងការសិក្សាថ្មីមួយ អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បានរកឃើញថា ៨.៨% នៃម៉ោងធ្វើការសកលត្រូវបានបាត់បង់ក្នុងឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងត្រីមាសទី៤ នៃឆ្នាំ ២០១៩ ។ ILO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននេះស្មើនឹងការងារចំនួន ២៥៥ លានការងារ ឬ ស្មើនឹងចំនួន ៤ដងនៃចំនួនដែលបានបាត់បង់ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៩ ។
ប្រធានអង្គការ ILO លោក Guy Ryder បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទខ្លីមួយថា “ នេះគឺជាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់ពិភពការងារចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចក្នុងទសវត្សឆ្នាំ ១៩៣០” ។ ចាប់តាំងពីការផ្ទុះឡើងវីរុស Covid-19 នៅក្នុងប្រទេសចិនទើបតែជាងមួយឆ្នាំកន្លងមក មេរោគនេះបានសម្លាប់មនុស្សជាង ២.១ លាននាក់ ឆ្លងជំងឺរាប់លាននាក់ផ្សេងទៀត និងរារាំងដល់សេដ្ឋកិច្ចពិភពលោក។

ទីភ្នាក់ងារការងាររបស់អង្គការសហប្រជាជាតិបានពន្យល់ថា ប្រហែលជាពាក់កណ្តាលនៃម៉ោងធ្វើការដែលបាត់បង់ត្រូវបានគណនាពីម៉ោងធ្វើការដែលបានកាត់បន្ថយសម្រាប់អ្នកដែលនៅសល់ក្នុងការងារ។ ប៉ុន្តែពិភពលោកក៏បានមើលឃើញពី “ កម្រិតបាត់បង់ការងារដែលមិនធ្លាប់មាន” កាលពីឆ្នាំមុនផងដែរ។ ទន្ទឹមនឹងនេះម៉ោងធ្វើការដែលបានបាត់បង់កាលពីឆ្នាំមុន បានកាត់បន្ថយប្រាក់ចំណូលការងារសកល ៨.៣% ដោយចំនួននោះបានធ្លាក់ចុះ ៣.៧ ទ្រីលានដុល្លារ ឬ ៤.៤% នៃផលិតផលសរុបក្នុងស្រុកសរុបរបស់ពិភពលោក។

យ៉ាងណាមិញ ការលេចចេញនូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាច្រើនប្រឆាំងនឹងវីរុស Covid-19 បានបង្កើនក្តីសង្ឃឹមថាពិភពលោកនឹងអាចទប់ស្កាត់ជំងឺរាតត្បាតបានឆាប់។ ប៉ុន្តែ ILO បានព្រមានថា ទស្សនវិស័យសម្រាប់ការងើបឡើងវិញនៃទីផ្សារការងារពិភពលោកនៅឆ្នាំនេះ គឺ “យឺតមិនស្មើគ្នា និងមិនប្រាកដប្រជា” ។ អង្គការនេះបានចង្អុលបង្ហាញពីផលប៉ះពាល់មិនស្មើគ្នាដែលវិបត្តិបានជះឥទ្ធិពលមកលើកម្មករនៅលើពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់ស្ត្រីនិងកម្មករវ័យក្មេងជាងគេ។

ខណៈនៅទូទាំងពិភពលោកការបាត់បង់ការងារសម្រាប់ស្ត្រីកាលពីឆ្នាំមុនមានចំនួន ៥% បើប្រៀបធៀបទៅនឹងបុរស ៣.៩% ហើយស្ត្រីទំនងជាធ្វើការនៅក្នុងវិស័យដែលមានការលំបាកផ្នែកសេដ្ឋកិច្ច ហើយថែមទាំងបានទទួលបន្ទុកបន្ថែមទៀតដូចជាការមើលថែកុមារដែលត្រូវបានបង្ខំឱ្យរៀននៅផ្ទះជំនួសសាលា៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


