អាជ្ញាធរអគ្គិសនីគ្រប់គ្រងដោយរដ្ឋថៃ (Egat) រំពឹងថា នឹងដំណើរការកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យអណ្តែតទឹកទំហំ ៤៥ មេហ្គាវ៉ាត់ដែលខ្លួនអះអាងថាធំជាងគេបំផុតនៅលើពិភពលោកនៅខែមិថុនានេះ។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យអណ្តែតនេះ ត្រូវបានរចនាឡើងដើម្បីជាប្រព័ន្ធកូនកាត់ដោយធ្វើការរួមគ្នាជាមួយការផលិតថាមពលវារីអគ្គិសនីចំនួន ៣៦ មេហ្គាវ៉ាត់ដើម្បីបង្កើនសមត្ថភាពប្រសិទ្ធភាព។ រោងចក្រនេះដែលបង្កើតថាមពលនៅលើផ្ទៃទឹក ៧២ ហិកតាដំបូង ត្រូវបានគ្រោងនឹងដំណើរការនៅខែធ្នូ ឆ្នាំមុនប៉ុន្តែការដាក់ឱ្យដំណើរការត្រូវបានពន្យាពេលដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។
លោក Chatchai Mawong ប្រធានផ្នែកអភិវឌ្ឍន៍ថាមពលវារីអគ្គិសនី និងថាមពលកកើតឡើងវិញបាននិយាយថា « ការសាងសង់បានបញ្ចប់ ៨២% ហើយ កម្មករបានចាប់ផ្តើមតំឡើងផ្ទាំងសូឡាអណ្តែតជាលើកដំបូងនៅខែធ្នូ ឆ្នាំ ២០២០ ហើយកំពុងពន្លឿនការតំឡើង »។

គួរឱ្យដឹងផងដែរថា ក្រោមផែនការអភិវឌ្ឍន៍ថាមពលជាតិឆ្នាំ ២០១៨ Egat ប្តេជ្ញាកសាងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកបន្ថែមទៀតលើទំនប់ទាំង ៩ នៃទំនប់វារីអគ្គិសនីទូទាំងប្រទេសក្នុងរយៈពេល ២០ ឆ្នាំខាងមុខដែលមានកម្លាំងសរុប ២,៧២៥ មេហ្គាវ៉ាត់ ហើយគ្រោងនឹងអនុម័តប្រព័ន្ធគ្រប់គ្រងថាមពលទំនើប និងប្រព័ន្ធផ្ទុកថាមពលដែលមានសារៈសំខាន់ក្នុងការផ្ទុកអគ្គិសនីផលិតដោយបន្ទះសូឡា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


