ឯកអគ្គរាជទូតកម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Thai Airways សហការលក់ផលិតផលខ្មែរលើជើងយន្តហោះ Thai Smile
សេដ្ឋកិច្ច January 26, 2021 Chan Sreyny

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជួយសហការលក់ផលិតផលប្រណិតខ្មែរ (Premium Products) នៅលើយន្តហោះ Thai Smile ដែលគ្រោងនឹងបើកដំណើរការប្រចាំថ្ងៃ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរពីប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅក្នុងដើមខែកក្កដា ខាងមុខ។ ការស្នើសុំរបស់ឯកឧត្តមឯកអគ្គរាជទូតនេះ ធ្វើឡើងនាឱកាសជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Thai Airways (Thai Smile) ដឹកនាំដោយលោក Viset Sontichai នាយកផ្នែកពាណិជ្ជកម្មកាលពីរសៀលថ្ងៃចន្ទ ទី ២៥ ខែមករា ឆ្នាំ២០២១ នៅស្ថានឯកអគ្គរាជទូតកម្ពុជានាទីក្រុងបាងកកប្រទេសថៃ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

ឯកឧត្តម អ៊ូក សោភ័ណ បានជម្រាបជូនប្រតិភូក្រុមហ៊ុន Thai Airways អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការអនុវត្តការទូតសេដ្ឋកិច្ចដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ព្រមទាំងវឌ្ឍនភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាដែលគិតមកទល់ថ្ងៃនេះ គឺពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះឡើយ។

លោក Viset Sontichai និងសហការី បានទទួលយកសំណើរបស់ឯកឧត្តមឯកអគ្គរាជទូត និងសន្យាបន្តធ្វើការជាមួយការិយាល័យអនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ដើម្បីរៀបចំបញ្ជីផលិតផលប្រណិតខ្មែរ ព្រមទាំងផ្សព្វផ្សាយសេវាកម្មជើងហោះហើររបស់ក្រុមហ៊ុន Thai Airways ជូនធុរជន និងភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា និងថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន