ក្រសួងកសិកម្ម ត្រៀមបង្កើតសួនសេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មដើម្បីជំរុញការនាំចេញថែមទៀត
សេដ្ឋកិច្ច January 25, 2021 Chan Sreyny

ក្រសួងកសិកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញការនាំចេញកសិផលឱ្យកាន់តែច្រើនថែមទៀត ដែលធ្វើឱ្យជីវភាពរបស់កសិករកាន់តែប្រសើរឡើង ។ ក្នុងពិធីជួបសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា មន្ត្រីជំនាញក្រសួងកំពុងពិភាក្សាជាមួយលោកឧកញ៉ាធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្មត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មក្នុងពេលអនាគតដ៏ខ្លី ដើម្បីជំរុញការនាំចេញកសិផល តាមរយៈការប្រមូលផ្តុំឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។

ឯកឧត្តមសង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើងនោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជាជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្មចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឱ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញបានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន។ បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹមឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃឆ្លើយតបតាមស្តង់ដានាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញ ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ។ ហើយអ្នកវិនិយោគក្នុងស្រុកគួរងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀងផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ពិសេសក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន