ថៃ ខាតលុយជាង ២០០ លានដុល្លារពីការនាំចេញសាច់មាន់ដោយសារជំងឺកូវីដ-១៩
សេដ្ឋកិច្ច January 23, 2021 Chan Sreyny

ជំងឺ Covid-19 បានធ្វើឱ្យការនាំចេញសាច់មាន់របស់ថៃនៅឆ្នាំ ២០២០ ធ្លាក់ចុះដល់ ៩៤៥,០០០ តោនស្មើនឹងតម្លៃ ១០៥ ពាន់លានបាតពី ៩៥០,០០០ តោនស្មើនឹង ១១១.៥ ពាន់លានបាតក្នុងឆ្នាំ ២០១៩ ។ លោក Kukrit Areepakorn ប្រធានសមាគមនាំចេញថៃបានមានប្រសាសន៍ថា « ការផ្ទុះឡើងនៃជំងឺ Covid-19 បណ្តាលឱ្យការនាំចេញសាច់មាន់ទៅកាន់ប្រទេសជប៉ុន និងសហភាពអឺរ៉ុបដែលជាទីផ្សារធំបំផុតរបស់ប្រទេសថៃមានការធ្លាក់ចុះ »។ លោកបន្តថា « ស្ថានការណ៍នេះកាន់តែអាក្រក់ ខណៈពេលដែលប្រទេសជប៉ុនបានបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ ដែលជាហេតុនាំឱ្យពួកគេបានលុបចោលការបញ្ជាទិញមាន់ពីពួកយើង »។

លោក Kukrit បានបន្ថែមទៀតថា « កាលពីឆ្នាំមុន ការនាំចេញសាច់មាន់របស់ថៃត្រូវបង្កើនបរិមាណនៃការដឹកជញ្ជូនទៅកាន់ទីផ្សារដូចជា៖ ប្រទេសចិន ៨២% និងសិង្ហបុរីកើនឡើង ៥៩% »។

ទន្ទឹមនឹងនេះ សមាគមថៃបានព្យាករណ៍ថា ការនាំចេញសាច់មាន់នៅឆ្នាំនេះនឹងកើនឡើង ១% ពីចំនួន ៩៥០,០០០ តោនដែលភាគច្រើនមកពីការផ្តល់វ៉ាក់សាំង Covid-19 នៅក្នុងប្រទេសមួយចំនួន។

គួរឱ្យដឹងផងដែរថា ការធ្លាក់ចុះតម្រូវការក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺ Covid-19 ធ្វើឱ្យតម្លៃសាច់មាន់ថៃនៅទីផ្សារអឺរ៉ុបធ្លាក់ចុះពីតម្លៃជាមធ្យម ២,០០០ ដុល្លារក្នុងមួយតោននៅឆ្នាំ ២០២០ មកនៅត្រឹមតែ ១,៣០០ ទៅ ១,៥០០ ដុល្លារក្នុងមួយតោនក្នុងខែមករា៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand