ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូទាំងប្រទេសបានចាត់ទុកជាទុរេនជាប់លំដាប់ថ្នាក់លេខ១ មានភាពល្បីល្បាញប្រកបដោយសក្តានុពល ថែមទាំងបានចាត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។ ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិសេសក្នុងភូមិសាស្ត្រឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតបានឱ្យដឹងថា ការដាំទុរេនពិតជាត្រូវមានការថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំទើបចាប់ផ្តើមទាញយកផលបណ្តើរៗ។ កសិករបានអះអាងថា ការប្រមូលផលទុរេនកំពតចាប់ផ្តើមពីខែមេសា បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏មានកន្លែងខ្លះប្រមូលផលនៅខែឧសភា ផងដែរ។
ដោយសារទុរេនកំពតមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំណាំប្រកបដោយសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រភេទដែលកសិករដាំដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី ២ ម៉ឺនរៀលឡើងទៅក្នុង ១គីឡូក្រាម ដោយឈ្មួញតែងតែមកម៉ៅបេះដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។

ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ នេះថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ភូមិសាស្ត្រជាច្រើននៅក្នុងខេត្តកំពត តែងចូលចិត្តប្រកបការងារដាំដំណាំទុរេន ពិសេសក្នុងភូមិសាស្ត្រស្រុកទឹកឈូព្រោះទុរេនកំពតមានហាងឆេងខ្ពស់ខុសពីទុរេននៅតាមបណ្តាខេត្តនានា ហើយផ្ទៃដីដែលកសិករដាំទុរេនក្នុងខេត្តមានសរុប ១ç២៣១ ហិកតា។
លោកបានបន្ថែមទៀតថា ក្រៅពីការដាំដុះទុរេនកសិកររមែងនាំគ្នាដាំដំណាំរួមផ្សំជាច្រើនប្រភេទទៀតដែលធ្វើឱ្យពួកគាត់កាន់តែមានជីវភាពកាន់តែធូរធា ដោយពុំបានទុកដីឱ្យនៅទំនេរឥតប្រយោជន៍នោះឡើយ៕


ប្រភព៖ ក្រសួងព័ត៌មាន


