ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅទូទាំងក្រុងតែម្ដង សឹងតែវង្វែង មិនថាតំបន់ឆ្នេរ ឬនៅតាមតំបន់ទីប្រជុំជនក្នុងខេត្ត ហើយឆាប់ៗខាងមុខនេះខេត្តជាប់មាត់សមុទ្រមួយនេះនឹងកាន់តែទាក់ទាញថែមទៀត ជាមួយ វិថីម្ហូបអារហារ (Street Food) ដ៏សម្បូរបែបដែលត្រូវបានបង្កើតឡើង។ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ។
ឆ្លងតាមការប្រជុំពិភាក្សាឯកឧត្តមអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។ ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប។

ឯកឧត្តម គួច ចំរើន បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្មស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមរយៈការប្រលងប្រណាំងទីក្រុងស្អាតក្រសួងទេសចរណ៍បានដាក់ចេញការប្រលងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា៖
ស្តង់ដារតូប ការតុបតែង ស្លាកយីហោ អនាម័យ ទីតាំងចំណត មានបន្ទប់ទឹកស្អាត ការដាក់ច្រករបាំងបង្ហាញផ្លូវដល់ភ្ញៀវ សញ្ញាសម្រប់ភ្ញៀវចេញចូល និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ដោយមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ដើម្បីលើកកំពស់គុណភាពសេវាទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

បន្ថែមពីនោះឯកឧត្តម អភិបាលខេត្ត ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់៕


អត្ថបទ៖ លីនី
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ


