ដើម្បីទាក់ទាញអ្នកទេសចរ ថៃគ្រោង​បង្កើតកញ្ចប់ដំណើរកម្សាន្តបូករួមការចាក់វ៉ាក់សាំងដល់ភ្ញៀវបរទេស
ទេសចរណ៍ January 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រតិបត្តិករ​ទេសចរណ៍ថៃបានបង្កើតគំនិតទាក់ទាញអ្នកទេសចរដែលចូលមកក្នុងប្រទេស ជាមួយកញ្ចប់ដំណើររួមបញ្ចូលទាំងការចាក់វ៉ាក់សាំង បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងត្រូវបានចែកចាយទៅក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅក្នុងខែកុម្ភៈ។ លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) បានមានប្រសាសន៍ថា៖ «បន្ទាប់ពីវ៉ាក់សាំងមកដល់ យើងត្រូវការផែនការទេសចរណ៍នៅត្រីមាសទី២ ក្នុងឆ្នាំនេះដើម្បីបង្កើតតម្រូវការបន្ថែមទៀត»។

លោកបានបន្ថែមថា កញ្ចប់ដំណើរកម្សាន្តរយៈពេលមួយខែត្រូវបានគេរំពឹងថានឹងចំណាយអស់ ១៥០,០០០ បាត (ប្រមាណ ៥ ពាន់ដុល្លារ) ដោយក្នុងនោះរួមបញ្ចូលការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ ដែលអ្នកទេសចរអាចរើសបានគឺ កន្លងរបស់រដ្ឋ និងកន្លែងនៅតាមតំបន់ទេសចរណ៍ដែលរដ្ឋបានកំណត់ ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការ។ យ៉ាងណាមិញប្រធានក្រុមប្រឹក្សាទេសចរណ៍រូបនេះនិយាយថា ប្រសិនបើរដ្ឋបាលចំណីអាហារនិងឱសថយល់ព្រមលើមន្ទីរពេទ្យឯកជនដែលបម្រុងទុកវ៉ាក់សាំង Covid-19 បន្ថែមទៀតនោះ ប្រតិបត្តិករទេសចរណ៍អាចចាប់ដៃគូជាមួយមន្ទីរពេទ្យដើម្បីផ្តល់ជូននូវការចាក់វ៉ាក់សាំងសម្រាប់អ្នកដំណើរបរទេស។

គួរបញ្ជាក់ផងដែរថា ផែនការទេសចរណ៍នេះ មានគោលបំណងគាំទ្រប្រតិបត្តិករក្នុងប្រទេស និងសណ្ឋាគារនៅគោលដៅទេសចរណ៍សំខាន់ៗ ដែលនៅតែពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារអន្តរជាតិបន្ទាប់ពីការផ្អាករយៈពេលយូរ។ លោក Chotechuang Soorangura នាយកគ្រប់គ្រងរងនៃក្រុមហ៊ុន NS Travel និង Tours បាននិយាយថា នៅតែមានភាពមិនប្រាកដប្រជាជាច្រើនទាក់ទងនឹងច្បាប់ធ្វើដំណើរដោយមានវិញ្ញាបនប័ត្រវ៉ាក់សាំងដែលប្រទេសនីមួយៗអាចនឹងត្រូវការបង្ការការផ្ទុះឡើង។

លើសពីនេះទៀតប្រទេសថៃមិនត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលវ៉ាក់សាំង Covid-19 ទេ ព្រោះថាប្រទេសនេះមិនអាចផលិតការផ្គត់ផ្គង់ដ៏ច្រើនបានដើម្បីទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។ ដូច្នេះហើយប្រទេសថៃគួរតែលើកកម្ពស់ខ្លួន ជាទិសដៅសុខភាពសម្រាប់ភ្ញៀវទេសចរទាំងពីរផ្តោតលើសុខភាពនិងសុខុមាលភាព ក៏ដូចជាអ្នកទេសចរសុខភាពដែលកំពុងស្វែងរកការព្យាបាលប្រកបដោយវិជ្ជាជីវៈនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost