យោងតាមមន្រ្តីក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា ប្រទេសឥណ្ឌាបានចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងការពារជំងឺ Covid-19 ទៅប្រទេសជិតខាង និងប្រទេសជាដៃគូសំខាន់ៗរួមមាន៖ ប្រទេសប៊ូតាន ម៉ាល់ឌីវ បង់ក្លាដែស នេប៉ាល់ មីយ៉ាន់ម៉ា និងសីស្ហែលកាលពីថ្ងៃពុធ។ ការដឹកជញ្ជូនវ៉ាក់សាំងធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានទទួលសំណើសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដែលផលិតដោយឥណ្ឌាពីប្រទេសមួយចំនួន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ដោយពិនិត្យលើតម្រូវការក្នុងស្រុកនៃការចេញជាជំហានៗ ប្រទេសឥណ្ឌានឹងបន្តផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រទេសជាដៃគូក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។
គួរឱ្យដឹងផងដែរថា ប្រទេសឥណ្ឌាចាប់ផ្ដើមចាក់វ៉ាក់សាំងដល់ប្រជាជនកាលពីថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃពុធមនុស្សចំនួន ៦៧៤,៨៣៥ នាក់បានទទួលការចាក់វ៉ាក់សាំង៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


