ជប៉ុន នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៤៤ លានដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះ​
សេដ្ឋកិច្ច January 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២០ ខែមករា នេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឱសថអាមេរិក Pfizer ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ប្រហែល ១៤៤លានដូស សម្រាប់មនុស្ស ៧២លាននាក់នៅឆ្នាំនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Tamura Norihisa រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលាតត្រដាងរឿងនេះថា រដ្ឋាភិបាលបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Pfizer ដើម្បីទទួលថ្នាំបង្ការចំនួន ១២០ លានដូសនៅដំណាច់ខែមិថុនា ដោយកាលពីខែមុនក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន។

ជាមួយគ្នានេះលោកបានបន្តថា រដ្ឋាភិបាលបានចុះកិច្ចសន្យាជាផ្លូវការចុងក្រោយលើការសន្និដ្ឋានថាវ៉ាក់សាំងនឹងត្រូវបានអនុម័តនៅក្នុងប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលនឹងស្នើសុំឱ្យក្រុមហ៊ុន Pfizer ផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីចាក់ដល់ប្រជាជនតាមដែលអាចធ្វើទៅបាន ហើយអាចនឹងត្រូវចាក់ថ្នាំនៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ។ ទោះជាយ៉ាងណាក្ដី រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានចង្អុលបង្ហាញថា រដ្ឋាភិបាលនឹងពិចារណាលើការកំណត់ការប្រើប្រាស់វ៉ាក់សាំង Pfizer ចំពោះមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ៕

អត្ថប​ទ៖ លីនី
ប្រភព៖ nhk