ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែង ស្ថិតក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្ថាបនាបានជាង ៧០% ហើយ ដោយក្រុមហ៊ុនពន្លឿនការស្ថាបនាឱ្យហើយនៅចុងឆ្នាំ ២០២១ នេះដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។mក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ស្ថានីយទឹកស្អាតក្រុងស្ទឹងត្រែង លោក សន ចន្ធី អនុប្រធានគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយទឹកស្អាតដ៏ធំទីមួយនេះ បានស្ថាបនាឡើងលើផ្ទៃដីជាង ១៧,០០០ម៉ែត្រក្រឡា នៅខេត្តស្ទឹងត្រែង ហើយអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងខេត្តប្រើប្រាស់បានគ្រប់គ្រាន់ ព្រោះទីតាំងស្ថានីយនេះមានរយៈកម្ពស់រហូតដល់ទៅ ៥៥ម៉ែត្រ។
លោកបន្តថា នេះជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមកិច្ចសហការជាមួយដៃគូវិនិយោគ ដែលបានប្រើប្រាស់ហិរញ្ញប្បទានឥណទានរបស់ធនាគាអភិវឌ្ឍអាស៊ីហៅកាត់ថា (ADB) និងធ្វើឱ្យសម្រេចតាមផែនការនៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានសាទរជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីនេះ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងក្រុងមួយចំនួនតូចតែប៉ុណ្ណោះ ដែលទទួលបានទឹកស្អាតប្រើប្រាស់ពីស្ថានីយចាស់។ លោកសង្ឃឹមថា នៅពេលស្ថានីយ៍នេះស្ថាបនាហើយប្រជាពលរដ្ឋទូទំាងខេត្ត នឹងទទួលបានទឹកស្អាតប្រើប្រាស់ទៅតាមដំណាក់កាលនីមួយៗ ដែលក្រុមបច្ចេកទេស និងរៀបចំជូនពីទីប្រជុំជនដល់ទីជនបទ។

សូមបញ្ជាក់ថា តាមការឱ្យដឹងពីក្រុមហ៊ុនវិនិយោគស្ថានីយនេះ នឹងបើកដំណើរការឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១ ទៅតាមជំហានៗដែលនឹងធ្វើឱ្យសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលថា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានទឹកស្អាតប្រើប្រាស់គ្រប់ក្រុមគ្រួសារ៕
ប្រភព៖ ក្រសួងព័ត៌មាន


