អភិបាលខេត្ត សាមុតសាខន លោក Theerapat Katchamat បានប្រកាសថា ផ្សារបង្គាកណ្ដាលខេត្តដ៏ល្បីនៅក្នុងស្រុកមឿង ត្រៀមខ្លួនបើកដំណើរការឡើងវិញនៅថ្ងៃទី២៦ ឬ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីការសម្អាតដ៏ធំមួយដែលបានគ្រោងទុកនៅថ្ងៃទី២៥ ខែមករា បានរួចរាល់។ លោកអភិបាលខេត្ត បានឲ្យដឹងថា អ្នកឆ្លងជំងឺទាំងអស់ពីផ្សារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សាមុតសាខន ដើម្បីព្យាបាល និងដាក់នៅដាច់ដោយឡែករយៈពេល ៤ថ្ងៃ ហើយបច្ចុប្បន្ននេះពួកគេទាំងអស់ត្រូវបានអនុញ្ញាតឲ្យចេញបន្ទាប់ពីការធ្វើតេស្តបង្ហាញថាពួកគេគ្មានមេរោគ។
ជាមួយគ្នានេះលោកអភិបាលបានបន្ថែមថា នៅថ្ងៃសុក្រស្អែកនេះ ខេត្តនឹងធ្វើតេស្តមួយទៀតលើមនុស្ស ១២០០នាក់ ដែលរស់នៅក្បែរផ្សារ ដែលពីមុនបានធ្វើតេស្តហើយអវិជ្ជមានវីរុស covid-19 ដើម្បីប្រាកដថាផ្សារនេះ ជាតំបន់គ្មានមេរោគ។ លោកក៏បានបញ្ជាក់ផងដែរថា ការបើកទីផ្សារឡើងវិញ គឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ខេត្តនេះ ព្រោះសាមុតសាខុនជាទីផ្សារគ្រឿងសមុទ្រធំជាងគេរបស់ប្រទេសថៃ។ ទន្ទឹមនឹងនេះដែរ អ្នកគ្រប់គ្រងផ្សារលោក Damrong Mansin បាននិយាយថា លោកបានណែនាំដល់អាជីវករទាំងអស់ឱ្យអនុវត្តតាមវិធានការការពារ Covid-19 យ៉ាងតឹងរឹង នៅពេលផ្សារបើកដំណើរការឡើងវិញ រួមទាំងការពិនិត្យរាល់កម្មករដែលមានម៉ាស៊ីនវាស់កម្ដៅ និងពាក់ម៉ាស់ការពារអនាម័យគ្រប់ពេល។

គួរបញ្ជាក់ផងដែរថា ផ្សារបង្គាត្រូវបានបញ្ជាឱ្យបិទចាប់តាំងពីថ្ងៃទី ២០ ខែធ្នូ បន្ទាប់ពីរកឃើញករណី Covid-19 ជាង ៥០០ករណី នៅទីនោះ ហើយគិតត្រឹមថ្ងៃពុធ ម្សិលមិញនេះ ខេត្តសាមុតសាខុន បានរាយការណ៍ពីករណីវីរុសថ្មីចំនួន ៩២ករណីដែលបានបង្កើនករណីប្រមូលផ្តុំអ្នកជំងឺរបស់ខេត្តដល់ចំនួន ៤,៩២១ នាក់ ក្នុងនោះជនជាតិថៃ ១,០៤៥នាក់ និងជនចំណាកស្រុកចំនួន ៣,៨៧៦នាក់។ បច្ចុប្បន្នមានមនុស្សចំនួន ៣៣១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ១,៣៣២នាក់ ត្រូវបានឃ្លាំមើលនៅដាច់ដោយឡែកពីគ្នា ហើយចំនួន ៣,២៥៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ ឬ ត្រូវបានធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីបានផ្តាច់ខ្លួន និងមនុស្សម្នាក់បានស្លាប់៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


