ប្រសើរណាស់! ក្រុមហ៊ុនឯកជនមួយចង់វិនិយោគការដាំដុះរុក្ខជាតិចម្រាញ់ធ្វើជាឱសថនៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង​កសិកម្ម
សេដ្ឋកិច្ច January 21, 2021 Khmernote

រដ្ឋមន្រ្តីកសិកម្មគាំទ្រគម្រោងវិនិយោគការដាំដុះរុក្ខជាតិឱសថនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត សំដៅលើកស្ទួយផលិត ភាពផលិតកម្ម ប្រកួតប្រជែងកែច្នៃ និងនាំចេញ ឆ្លើយតបតាមតម្រូវការទីផ្សារ។ ក្នុងឱកាសអនុញ្ញាតឱ្យ នាយកក្រុមហ៊ុន Khmer Holding Group ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានគាំទ្រគម្រោងរបស់ក្រុមហ៊ុន Khmer Holding Group ដែលចង់វិនិយោគដាំដុះរុក្ខជាតិឱសថ ចម្រាញ់ កែច្នៃ និងផលិតឱសថ, បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។

រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មសូមស្វាគមន៍ គាំទ្រ និងសហការពេញទំហឹងព្រោះនេះជាការរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត។ វិស័យកសិកម្មកម្ពុជាកំពុងមានសក្តានុពល តែយើងនៅខ្វះវិនិយោគិនក្នុងនិងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពលដែលយើងមានឱ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែង កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្ដង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ។

លោក ឧកញ៉ា ឆាវ អ៊ីនទ័រ នាយកក្រុមហ៊ុន Khmer Holding Group បានឱ្យដឹងថា បន្ទាប់ពីបានទទួលអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រុមការ ងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថានផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគិរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និង រោងចក្រចម្រាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។

ដោយឡែកខេត្តកំពង់ស្ពឺជ្រើសរើស រកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បម្រើឱ្យវិស័យកសិ-ឧស្សាហកម្ម។ បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួចរាល់ រង់ចាំតែវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារ គតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យសម្រេច៕

ប្រភព៖ ក្រសួងព័ត៌មាន