យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសជប៉ុនក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ៨៧.១% បើធៀបនេងឆ្នាំមុនដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៦៤ ។ ទីភ្នាក់ងារនេះបាននិយាយថា « ចំនួនជនបរទេសដែលមកទស្សនាប្រទេសជប៉ុនកាលពីឆ្នាំកន្លងទៅបានធ្លាក់ចុះដល់ ៤.១២ លាននាក់ដែលបានបំផ្លាញមហិច្ឆតារបស់រដ្ឋាភិបាលក្នុងការស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់នៅឆ្នាំ ២០២០ នៅពេលដែលប្រទេសនេះត្រូវបានគ្រោងធ្វើជាម្ចាស់ផ្ទះ Olympic និង Paralympic Games »។
កាលពីខែឧសភា ចំនួនភ្ញៀវទេសចរមកកាន់ប្រទេសនេះបានធ្លាក់ចុះ ៩៩.៩% បើធៀបនឹងឆ្នាំមុនដោយសាររដ្ឋាភិបាលបានអនុវត្តការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

ទិន្នន័យបានបង្ហាញថា នៅក្នុងខែធ្នូចំនួនអ្នកទេសចរបរទេសមានចំនួន ៥៨,៧០០ នាក់នៅតែធ្លាក់ចុះ ៩៧.៧% ។ ទន្ទឹមនឹងនេះ ចំនួនប្រចាំឆ្នាំរបស់ជនជាតិជប៉ុនដែលធ្វើដំណើរទៅក្រៅប្រទេសបានធ្លាក់ចុះមកនៅត្រឹម ៣.១៧ លាននាក់ធ្លាក់ចុះ ៨៤.២% ដែលជាចំនួនច្រើនបំផុតចាប់តាំងពីមានទិន្នន័យប្រៀបធៀបមក។

ជប៉ុន គ្រោងនឹងបង្កើតមជ្ឈមណ្ឌលពិគ្រោះសុខភាពសម្រាប់ភ្ញៀវទេសចរក្នុងខែមេសា ខណៈពេលដែលប្រទេសនេះត្រៀមចាប់ផ្តើមអនុញ្ញាតឱ្យមានដំណើរកម្សាន្តជាក្រុមតូចៗ។

គួរឱ្យដឹងផងដែរថា ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆ្លងជំងឺ Covid-19 រដ្ឋាភិបាលជប៉ុនបានដាក់ចេញការរឹតបន្តឹងច្រកចូលកាលពីចុងខែធ្នូ ខណៈពេលដែលមានប្រកាសពីភាពអាសន្នរយៈពេលមួយខែនៅថ្ងៃទី ៧ ខែមករា សម្រាប់ទីក្រុងតូក្យូ និងខេត្តចំនួន ៣ ៕
អត្ថបទ៖ នីតា
ប្រភព៖ kyodonews


