ម្រេចកំពត នៅតែមានតម្លៃខ្ពស់ដូចមុនដដែលទោះបីកម្ពុជាស្ថិតក្នុងវិបិត្តជំងឺកូវីដ-១៩​ ក៏ដោយ
សេដ្ឋកិច្ច January 21, 2021 Chan Sreyny

ថ្វីត្បិតប្រទេសយើង កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ ប៉ុន្តែការដាំដុះដំណាំម្រេចរបស់កសិករហាក់នៅមានការផុលផុសដដែលរីឯតម្លៃក៏នៅតែខ្ពស់ដូចមុនដែរ។ នេះជាការលើកឡើងរបស់លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតនៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។ ​លោក ចាន់ រិទ្ធិ បានបញ្ជាក់ថា ដំណាំម្រេចនៅតែបន្តការដាំដុះជាបន្តបន្ទាប់លើផ្ទៃដីជិត ៣០០ហិកតា
ដោយការផលិតម្រេចនេះមានសហគមន៍មួយដែលកំពុងគ្រប់គ្រងមើលការខុសត្រូវ ថែមទាំងមានក្រុមហ៊ុនចំនួន ៤ រួមសហការដើម្បីទិញផលិតផលម្រេចសម្រាប់បន្តចែកចាយនៅលើទីផ្សារអន្តរជាតិ។

លោក ងួន ឡាយ ប្រធានសហគមន៍ម្រេចកំពតបានថ្លែងថា ផ្ទែដីបង្កបង្កើនផលម្រេចក្នុងសហគមន៍មានសរុបជាង ២៩០ហិកតា ក្នុងនោះយើងអនុវត្តន៍លើផ្ទៃដី ១០០% ដោយទទួលទិនផលបានខ្ពស់គួរសម ហើយបច្ចុប្បន្នទីផ្សារម្រេចកំពតក៏នៅតែមានតម្លៃហាងឆេងខ្ពស់ដូចមុនដដែល ពោលគឺតម្លៃទីផ្សារនៅថេរបែបនេះរយៈពេល ៥ ឆ្នាំមកហើយ។

​លោក ងួន ឡាយ បានបន្ថែមថា ក្នុងសហគមន៍ម្រេចកំពតមានក្រុមហ៊ុនចំនួន ៤ កំពុងសហការដើម្បីទិញម្រេចពីកសិករនៅតំបន់នេះដើម្បីវិនិយោគទៅក្រៅប្រទេសដូចជា៖ ក្រុមហ៊ុនហ្វាមលីង ក្រុមហ៊ុនអ៊ីយូលែន ក្រុមហ៊ុនផារ៉ាដាយ និងក្រុមហ៊ុនកាំយ៉ា ដោយក្រុមហ៊ុនទាំងនោះបានកង់ត្រាជាមួយកសិករ (អ្នកដាំម្រេចខ្នាតតូច) ប្រមាណ ១៧៥គ្រួសារ ដើម្បីទិញម្រេចនាំចេញទៅក្រៅប្រទេស ហើយក្រុមហ៊ុនទិញទៅតាមតម្លៃម្រេចមាន ៣ ប្រភេទគឺ៖ ទី១-ប្រភេទម្រេចខ្មៅ ១គីឡូក្រាម តម្លៃ ១៥ដុល្លារ ,២-ម្រេចក្រហម ១គីឡូក្រាម តម្លៃ ២៥ដុល្លារ,ទី៣-ម្រេចស ១គីឡូក្រាម តម្លៃ ២៨ដុល្លារ។ ប៉ុន្តែក្នុងនោះ ក៏មានក្រុមហ៊ុនខ្លះសុំឱ្យបញ្ចុះតម្លៃ និងមានក្រុមហ៊ុនខ្លះផ្តល់តម្លៃលើសពីការកំណត់ផងដែរ។

ជាមួយនេះ ប្រធានសហគមន៍ម្រេចកំពតបានបង្ហើបថា ការងារដាំដុះដើម្បីទាញយកផលម្រេចក្នុងរដូវណាក៏ទទួលបានភោគផលល្អ ដោយសារកសិករក្នុងសហគមន៍របស់លោកសុទ្ធតែមានបទពិសោធន៍ខ្ពស់ មានជំនាញច្បាស់លាស់ក្នុងការថែទាំដំណាំម្រេច ពិសេសមានបច្ចេកទេសផ្នែកផលិតកម្ម មានជំនាញកម្ចាត់សត្វល្អិតបានទាន់ពេលវេលាថែមទាំងទប់ស្កាត់បាននូវហានិភ័យផ្សេងៗទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន